រុស្ស៊ី​បញ្ជូន​ឧទ្ធម្ភាគចក្រ​៨​គ្រឿង​ចូលរួម​ប្រតិបត្តិ​ការរក្សា​សន្តិភាព​នៅ​តំបន់ Nagorno-Karabakh

​រុស្ស៊ី ៖ ក្រសួងការពារជាតិ​រុស្ស៊ី​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​ឧទ្ធម្ភាគចក្រ​រុស្ស៊ី Mi-8 និង Mi-24 នឹង​បញ្ជូន​ចូលរួម​នៅក្នុង​ប្រតិបត្តិ​ការរក្សា​សន្តិភាព​ដើម្បី​ដោះស្រាយ​ជម្លោះ​នៅ​តំបន់ Nagorno-Karabakh។ ​នេះ​បើ​យោងតាម​ប្រភពពី​សារព័ត៌មាន sputniknews​។​

​ឧទ្ធម្ភាគចក្រ​ប្រភេទ Mi-8 និង Mi-24 ចំនួន​៨ គ្រឿង​ត្រូវបាន​បញ្ជូន​ទៅកាន់​អាកាសយានដ្ឋាន​មួយ​នៅក្នុង​ទីក្រុង Yerevan ដោយ​ដឹកជញ្ជូន​នៅក្នុង​យន្តហោះ​យោធា​ប្រភេទ An-124 Ruslan។​

​អគ្គសេនាធិការ​កងទ័ព​រុស្ស៊ី​រាយការណ៍​ថា ​កង​រក្សា​សន្តិភាព​រុស្ស៊ី​៤១៤​នាក់ ​រថយន្ដ​រាប់សិប​គ្រឿង ​និង​យានយន្ត​ផ្សេងៗ​ទៀត​ព្រមទាំង​ឧទ្ធម្ភាគចក្រ​ និង​យន្តហោះ​គ្មាន​មនុស្ស​បើក​ចំនួន​៨ គ្រឿង​ត្រូវបាន​បញ្ជូន​ទៅកាន់​តំបន់ Nagorno-Karabakh ក្នុង​មួយថ្ងៃ​។ ទន្ទឹម​នោះ​បុគ្គលិក​យោធា​ចំនួន ១,៩៦០ នាក់​ប្រដាប់​ដោយ​អាវុធ​ធុន​តូច រថពាសដែក ៩០ គ្រឿង រថយន្តយោធា ៣៨០ គ្រឿង និង​ឧបករណ៍​ផ្សេងទៀត​ក៏ត្រូវ​បាន​បញ្ជូន​ទៅកាន់​តំបន់​នោះ​ផងដែរ។​

​គួរ​បញ្ជាក់ថា មេដឹកនាំ​រុស្ស៊ី អា​មេ​នី​និង អា​ស៊ែ​បៃ​ហ្ស​ង់ បានអនុម័ត​សេចក្តីថ្លែងការណ៍​រួមមួយ​កាលពី​ថ្ងៃ​ច័ន្ទ ស្តីពី​ការបញ្ឈប់​អរិភាព​នៅក្នុង​តំបន់​ជម្លោះ Nagorno-Karabakh ដែល​កំពុង​បន្ត​ផ្ទុះឡើង​ចាប់តាំងពី​ចុងខែ​កញ្ញា​។ ហើយ​បទ​ឈប់​បាញ់​បាន​ចូល​ជាធរ​មាននៅ​ម៉ោង​២១៖ ០០​នាទី​ម៉ោង​ក្នុង​តំបន់​នៅ​ថ្ងៃ​ដដែល​ផងដែរ​៕