អាជ្ញាធរសង្កាត់ច្រកម្ទេស ជួសជុលពង្រីកផ្លូវលំមួយខ្សែ ស្តារប្រឡាយ និងដាក់លូរំដោះទឹកផ្លូវ៤កន្លែង

ខេត្តស្វាយរៀង ៖ ដោយមើលឃើញនូវការលំបាករបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានក្នុងការធ្វើដំណើរដឹកកសិផលប្រកបមុខរបរប្រចាំថ្ងៃនោះ និងការស្នើរសុំជួសជុលពង្រីកផ្លូវពីសំណាក់បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិធ្លក សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។

បើលោក ហួត សាម៉ៃ ចៅសង្កាត់ ច្រកម្ទេសក្រុងបាវិតបានមានប្រសាសន៍ឲ្យដឹងថា ដោយមានការចង្អុលបង្ហាញពីសំណាក់លោក លឹម សៀងហេង អភិបាលក្រុងបាវិតនោះនៅព្រឹកថ្ងៃទី២៣ ខែមីនាឆ្នាំ២០២១ លោក ហួត សាម៉ៃ ចៅសង្កាត់ច្រកម្ទេសបានដឹកនាំធ្វើការងារជួសជុលពង្រីកផ្លូវលំមួយខ្សែប្រវែង១២០០ម៉ែត្រទទឹង៦ម៉ែត្រ និងមានដាក់លូទទឹងផ្លូវដើម្បីរំដោះចេញកុំឲ្យលិចលង់ស្រែស្រូវរបស់ពលរដ្ឋនារដូវវស្សាព្រមទាំងស្តារប្រឡាយមួយខ្សែដែលស្ថិតនៅក្នុងភូមិធ្លក សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។

បើតាមលោកចៅសង្កាត់បានមានប្រសាសន៍ឲ្យដឹងថា ផ្លូវលំមួយខ្សែនេះពីមុនជាផ្លូវរទេសគឺមានសភាពតូចចង្អៀតពិបាកធ្វើដំណើរខ្លាំងណាស់និងនៅរដូវវស្សាគឺមានទឹកដក់លិចផ្លូវដោយពុំមានផ្លូវទឹកចេញនោះទេជាពិសេសនៅពេលសិស្សសាលាដែលជាកូនចៅពលរដ្ឋនៅរៀនសូត្រម្តងៗតាមផ្លូវនេះ។

លោកបានបន្ថែមទៀតថា ការដែលលោកចុះមកដឹកនាំជួសជុលពង្រីកផ្លូវនៅភូមិធ្លកនាពេលនេះដោយសារមានការមានការឧបត្ថម្ភ គ្រឿងចក្រជួសជុលស្ថាបនាផ្លូវ ពីលោក គីម ឡេង អគ្គនាយកក្រុមហ៊ុនហ៊ាយប្រ៊ីដ ហ្គាប៊ែឆ (ភាស៊ីអនាម័យ) និងឧបត្ថម្ភខាងសង្កាត់ច្រកម្ទេស១លានរៀលសម្រាប់ពង្រីកជួសជុលស្ថាបនាផ្លូវព្រមទាំងសុំការយោគយល់ពីប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវជួយសម្រួលដល់អាជ្ញាធរក្នុងការជួសជុលស្ថាបនាឡើងវិញ។

លោក ហួត សាម៉ៃ ចៅសង្កាត់ក៏បានថ្លែងអំណរគុណដល់លោក គីម ឡេង អគ្គនាយក្រុមហ៊ុនហ៊ាយប្រ៊ីដ ហ្គាប៊ែឆ (ភាស៊ីអនាម័យ) ដែលបានជួយឧបត្ថម្ភក្នុការជួសជុលស្ថាបនាឡើងវិញនៅផ្លូវមួយខ្សែនេះជាពិសេសការយោគយល់ពីពលរដ្ឋនូវផលប៉ះរបងផ្ទះរបស់ពួកគាត់ក្នុងការពង្រីកផ្លូវលោកចៅសង្កាត់ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋនូវពេលបានផ្លូវល្អត្រូវចេះថែរក្សាអោយបានគង់វង្សយូអង្វែងសម្រាប់ប្រើប្រាស់។

ប្រជាពលរដ្ឋរស់នៅភូមិធ្លកបានថ្លែងអំណរគុណចំពោះអាជ្ញាធរ ខេត្ត ក្រុង សង្កាត់ ដែលបានជាពិសេសខាងលោកអគ្គនាយក្រុមហ៊ុនហ៊ាយប្រ៊ីដ ហ្គាប៊ែឆ (ភាស៊ីអនាម័យ) ដែលគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋជាសមិទ្ធិផលជាច្រើននៅតាមមូលដ្ឋានក្នុងក្រុងបាវិតបានដូចយើងបានឃើញនាថ្ងៃនេះដើម្បីឲ្យអាជ្ញាធរស្ថាបនាជួសជុលកែលម្អហេដ្ឋារចនាសម្ព័នបន្ថែមទៀត៕