ចាប់អ្នកបើកបររថយន្ត៤នាក់មកផាកពិន័យករណីបើកគេចពីប៉ុស្តិ៍ត្រួតពិនិត្យធ្វើចត្តាឡីស័ក

ព្រះសីហនុ៖កម្លាំងគណៈបញ្ជាការឯកភាពស្រុកព្រៃនប់បានចាប់អ្នកបើកបររថយន្តចំនួន៤នាក់យកមកផាកពិន័យករណីបើកគេចពីប៉ុស្តិ៍ត្រួតពិនិត្យធ្វើចត្តាឡីស័កនៅត្រង់ព្រំប្រទល់រវាងខេត្តព្រះសីហនុ និងខេត្តកំពតកាលពីរសៀលថ្ងៃទី២២ខែមីនា ឆ្នាំ២០២១។

សមត្ថកិច្ច បានឱ្យដឹងថា៖រថយន្តទី១ម៉ាកKIA ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2BH-4776 បើកបរដោយឈ្មោះ  ផេង រតនា  អាយុ៤៧ឆ្នាំ។រថយន្តទី២ម៉ាកសាំយ៉ុង ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2T-0439 បើកបរដោយឈ្មោះ អ៊ឹម ឃីមអាយុ៤៦ឆ្នាំ។រថយន្តទី៣ម៉ាក HYUNDAI ពាក់ផ្លាកលេខភ្នំពេញ3F-1173 បើកបរដោយឈ្មោះ តុង ផាន់ណាអាយុ២១ឆ្នាំ។រថយន្តទី៤ម៉ាកសាំងយ៉ុង ពណ៌លឿង ពាក់ផ្លាកលេខភ្នំពេញ3BD-0184  បើកបរដោយឈ្មោះ ណាក់ រ័ត្ន។

ច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ចុះថ្ងៃព្រហស្បតិ៍ ១៣រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១  ត្រង់មាត្រាទី១០

“បទមិនគោរពវិធានការរដ្ឋបាល ”ដោយមិនគិតដល់បទល្មើសព្រហ្មទណ្ឌដទៃទៀត អំពើដោយចេតនាមិនគោរពវិធានការរដ្ឋបាល ដែលបានដាក់ចេញស្របតាមច្បាប់នេះត្រូវទទួលពិន័យអន្តរការណ៍ពី១.០០០.០០០រៀល ទៅ ៥.០០០.០០០រៀល។ចំពោះជនដែលប៉ុនប៉ង និងបំផ្លាញសុខភាពសាធារណៈរបស់ជាតិត្រូវចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត និងគ្មានការលើកលែង ៕