ក្រសួងសុខាភិបាលប​ញ្ជាក់ពីករណីស្លាប់បុ​រសជនជាតិខ្មែរអា​យុ​៥៥ឆ្នាំ​

ក្រសួងសុខាភិបាលសូមជម្រាបជូនសាធារណៈជនទាំងអស់ឱ្យបានជ្រាបថាយោងតាម របាយការណ៍ពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថាបុរសជនជាតិខ្មែរអាយុ៥៥ឆ្នាំ មានអាស័យដ្ឋាននៅភូមិក្តីចាស់ ឃុំ ព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១៦:០០នាទីរសៀល។បុរសខាងលើនេះ បានធ្លាក់ខ្លួនឈឺដោយក្ដៅខ្លួន និងក្អកប្រហែលជា៣ទៅ ៤ថ្ងៃមុនស្លាប់ដោយសភាពកាន់តែធ្ងន់ទៅក៏បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១វេលាម៉ោង ១៥:៣០រសៀល ក្នុងស្ថានភាពមានអាការៈហត់ដង្ហក់ខ្លាំង ដែលជាសញ្ញានៃវិបត្តិផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ។ដោយការសង្ស័យក្រុមគ្រូពេទ្យបានយកវត្ថុសំណាកទៅវិភាគភ្លាមៗនៅពេលចូលមកដល់មន្ទីរពេទ្យ ហើយលទ្ធផលវិភាគវត្ថុសំណាករបស់គាត់បានបង្ហាញថា មានវិជ្ជមានវីរុសកូវីដ-១៩ នៅវេលាម៉ោង ២៣:០០យប់នាថ្ងៃដដែល។ ដោយសារស្ថានភាពធ្ងន់ធ្ងរពេកបែបនេះ ក្រុមគ្រូពេទ្យក្រៅពី ផ្តល់ការព្យាបាលតាមបច្ចេកទេស ក៏បានប្រើប្រាស់ម៉ាស៊ីនជំនួយការដកដង្ហើមបន្ថែមភ្លាមៗតែជាអកុសល ក្នុងរយៈពេលតែកន្លះ ម៉ោងប៉ុណ្ណោះ គាត់ក៏បានធ្វើមរណៈកាលនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ទៅ។ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យបុរសវ័យ ៥៥ឆ្នាំខាងលើនេះគឺបានស្លាប់បាត់បង់ជីវិត ដោយសារជំងឺកូវីដ-១៩ វៃលុក សួតសាហាវលឿន និងធ្ងន់ធ្ងរខ្លាំងពេក។ក្រសួងសុខាភិបាល សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារសព។អាស្រ័យហេតុដូចបានជម្រាបជូនខាងលើនេះ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន៕