រដ្ឋមន្រ្តីកសិកម្មបង្ហាញពីការអភិវឌ្ឍរីកចម្រើនលើវិស័យកសិកម្មក្នុងរយៈពេលជាងពីរទសវត្សកន្លងទៅនេះ

ភ្នំពេញ ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ដោយប្រទេសកម្ពុជា ទទួលបានសុខសន្តិភាព និងស្ថិរភាពសង្គមបានពេញលេញ ក្នុងរយៈពេលជាងពីរទសវត្សកន្លងទៅនេះ តាមរយៈការដាក់ចេញនូវគោលនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបង្កលក្ខណៈគ្រប់គ្រាន់ក្នុងការស្តារ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិទទួលបានការរីកចម្រើនគួរជាទីមោទនៈ ហើយទន្ទឹមនឹងនេះប្រជាជនគ្រប់រូបមានលទ្ធភាពគ្រប់គ្រាន់ក្នុងការពង្រីកមុខរបររបស់ខ្លួន ជាពិសេសកសិករបានខិតខំធ្វើការពង្រីកការដាំដុះដំណាំគ្រប់ប្រភេទជាមួយនឹងទទួលបានការផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីក្នុងការដាំដុះនៅទូទាំងប្រទេសបានធ្វើឲ្យធ្វើឲ្យកសិផលដែលប្រជាកសិករផលិតបានមានការកើនឡើងឥតឈប់ឈរ ហើយបានធ្វើឲ្យចាល់នៅលើទីផ្សារជារៀងរាល់ឆ្នាំ។

ដោយពិនិត្យឃើញនូវបញ្ហាប្រឈមនេះ រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងបញ្ចេញកញ្ចប់ថវិកាជាតិជាបន្តបន្ទាប់ ផ្តល់ទៅដល់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងធនាគារ សហគ្រាសធន់តូច និងមធ្យមកម្ពុជា សម្រាប់ផ្តល់ឥណទានសម្បទាន ជូនដល់កសិករ រោងម៉ាស៊ីនស្រូវ សហគមន៍កសិកម្ម វារីវប្បករ និងសហគ្រាសធន់តូច និងមធ្យម ដើម្បីប្រមូលទិញកសិផលក្នុងស្រុក សម្រាប់ស្តុក និងការវិនិយោគលើការសាងសង់រោងចក្រកែច្នៃកសិផល ក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាពតម្លៃបន្ថែម បង្កើតឱកាសការងារ ដោយប្រើប្រាស់វត្ថុធាតុដើមក្នុងចង្វាក់ផលិតកម្ម និងកំលាំងពលកម្មក្នុងស្រុកឲ្យអស់លទ្ធភាព។

ទន្ទឹមនឹងនេះ យើងក៏បានពិនិត្យឃើញថា ឥណទានដែលបានផ្តល់ជូនដល់ការកែច្នៃផលិតផលក្នុងស្រុកនៅមានកម្រិតបានធ្វើឲ្យសមត្ថភាពក្នុងការប្រមូលទិញស្តុក និងការកែច្នៃរបស់កម្ពុជាពុំទាន់មានលទ្ធភាព និងសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រមូលទិញកសិផលពីកសិករដែលផលិតបានដែលមានសន្ទុះកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនោះឡើយ។ ដើម្បីដោះស្រាយនូវបញ្ហាប្រឈមទីផ្សារលក់កសិផលរបស់កម្ពុជា ចំពោះមុខនេះ ការនាំចេញកសិផលចេញត្រង់ពីកម្ពុជាទៅកាន់ប្រទេសជិតខាង គឺជាការចាំបាច់បំផុតដើម្បីធានាបានប្រាក់ចំណូល និងរក្សាបាននូវស្ថិរភាពជីវភាពរបស់កសិករនៅតាមជនបទ។ ជាក់ស្តែង ការនាំចេញកសិផលទៅកាន់ប្រទេសវៀណាម តាមច្រកទ្វារភាគី ក្នុងរយៈពេលជិតបីខែដើមឆ្នាំ២០២១ គឺមានសកម្មភាពយ៉ាងសកម្ម និងមមាញឹកបំផុត។

យោងតាមសេចក្តីរាយការណ៍របស់លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្វាយរៀង និងព្រៃវែង បានឲ្យដឹងថា ខេត្តស្វាយរៀងបាននាំចេញកសិផលមានជាអាទិ៍ដូចជា ៖ ស្រូវចម្រុះ១១៧ ៨៨៣តោន ដំឡូងមីស្រស់ចំនួន២២៧១តោន ផ្លែស្វាយកែវរមៀតស្រស់៣៦១៥៩តោន និងអំពៅស្ក ១៤៦០៤១តោន។

ដោយឡែកសម្រាប់ខេត្តព្រៃវែងវិញបាននាំស្រូវចេញសរុបចំនួន ៧០៧ ៤៣១តោន និងស្វាយកែវរមៀតបានចំនួន៨៩៣៤០តោន។ ចំពោះមធ្យោបាយដឹកជញ្ជូនឈ្មួញបានប្រើប្រាស់រថយន្តធន់ធ្ងន់ និងទូកមានចំណុះពី៥០ ទៅ១០០តោន។ ទន្ទឹមនឹងលទ្ធផលនៃការនាំចញផលិតផលកសិកម្មតាមរយៈខេត្តទាំងពីរខាងលើ កម្ពុជាសម្រេចបានការនាំចេញស្រូវទៅកាន់ប្រទេសវៀតណាមចំនួន១១៤៦ ៨៤៤តោន មកទល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម៕