លទ្ធផលដែ​លបាន​កើតចេញពីការខិតខំប្រឹងប្រែងរបស់កសិករនិងអ្នកពាក់ព័ន្ធ​ដោយ​បានអនុ​វត្តគោលនយោ​បាយវិស័​យកសិកម្ម

ដូចអ្វីដែលក្រសួងបានជម្រាបជូនឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងអស់បានជ្រាបពីវឌ្ឍនភាព និងសកម្មភាពនៃការនាំចេញកសិផលក្នុងខេត្តពីរដែលស្ថិតនៅជាប់ព្រំដែននៃប្រទេសវៀតណាម គឺខេត្តស្វាយរៀង និងខេត្តព្រៃវែង កាលពីថ្ងៃទី ២៧ ខែមិនា ឆ្នាំ២០២១ កន្លងទៅ ជាមួយនឹងការបញ្ជាក់ពីលទ្ធផលដែលបានកើតចេញពីការខិតខំប្រឹងប្រែងរបស់កសិករនិងអ្នកពាក់ព័ន្ធ ដោយបានអនុវត្តគោលនយោបាយវិស័យកសិកម្មនិងជាពិសេស អនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាល ក្នុងការជំរុញឲ្យកសិករបង្កើនការយកចិត្តទុកដាក់ខ្ពស់លើការផលិតនូវផលិតកម្មកសិកម្មដើម្បីធានាបាននូវសន្តិសុខស្បៀង ដោយអនុវត្តន៍តាមបច្ចេកវិទ្យាកសិកម្មថ្មី ស្របតាមស្តង់ដា ប្រកបដោយគុណភាព សុវត្ថិភាព និងការប្រកួតប្រជែង ក្នុងដំណាក់កាលដែលព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាបណ្តាប្រទេសលើសកលលោកកំពុងប្រឈមនឹងការរីករាលដាលជាសកលនៃមេរោគកូវីដ ១៩ គឺបានធ្វើឲ្យកសិផលនៅកម្ពុជាមានការកើនឡើង រួមជាមួយនឹងការកើនឡើងនៃការនាំចេញកសិផលទៅកាន់ប្រទេសជិតខាង តាមច្រកទ្វារភាគី ក្នុងរយៈពេលជិតបីខែដើមឆ្នាំ ២០២១ គឺមានសកម្មភាពយ៉ាងសកម្ម និងមមាញឹកបំផុត បើទោះបីប្រទេសកម្ពុជា និងបណ្តាជិតខាង បាននិងកំពុងប្រឈមជាមួយការរីករាលដាលនៃជម្ងឺកូវិដ ១៩ យ៉ាងណាក៏ដោយ។ថ្ងៃនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមបន្តផ្តល់ជូននូវវឌ្ឍនភាពនៃការនាំចេញផលិតផលកសិកម្ម ដែលទទួលបានរបាយការណ៍ពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគីរី តាកែវ កំពត និងបាត់ដំបង កាលពីថ្ងៃទី២៩ ខែមីនា ដែលបានបង្ហាញឲ្យឃើញអំពីបរិមាណកសិផលដែលបាននាំចេញ នៅក្នុងត្រីមាសទី១ ដើមឆ្នាំ ២០២១ ទៅកាន់ប្រទេសជិតខាងក្នុងនោះមាន៖ ស្រូវ ដំឡូង មីស្រស់ ក្រៀម ស្វាយកែវរមៀតស្រស់ គ្រាប់ស្វាយចន្ទី ចេកអំបូងលឿង ដូចខាងក្រោម៖
១- ខេត្តរតនគីរី៖
– ចេកអំបូងលឿង: ២៥ ៥៦០ តោន
– ចំណិតដំឡូងមីក្រៀម: ២០ ០៩៤ តោន
– ម្នាស់ស្រស់: ៥៩២ តោន
– គ្រាប់ស្វាយចន្ទី: ៨ ០៦២ តោន
– ស្វាយកែវរមៀតស្រស់: ៦៣៧ តោន
– ក្រូចថ្លុង: ៧៧ តោន
– ខ្នុរ: ២៤៨ តោន
២- ខេត្តតាកែវ៖
– ស្រូវ: ២០៦ ១៦២ តោន
– ស្វាយកែវរមៀតស្រស់: ២០ ៣០៨ តោន
៣- ខេត្តកំពត៖
– ស្រូវ: ៥៩ ៧១០ តោន
៤- ខេត្តបាត់ដំបង៖
– ដំឡូងមីស្រស់: ១១១ ៨២០ តោន
– ផ្លែស្វាយស្រស់: ១ ៥៤៣ តោន