លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្ដាល អញ្ជើញសួរសុខទុក្ខប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក នៅបុរី លំនៅដ្ឋានទីក្រុងរណប សិរីមង្គល ក្រុងតាខ្មៅ

ខេត្តកណ្តាល៖ រសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្ដាល អញ្ជើញសួរសុខទុក្ខប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក នៅបុរី លំនៅដ្ឋានទីក្រុងរណប សិរីមង្គល ស្ថិតនៅសង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

 

មានប្រសាសន៍សំណេះសំណាលទៅកាន់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័កនៅបុរី លំនៅដ្ឋានទីក្រុងរណប សិរីមង្គល លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្ដាល បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាអត់ធ្មត់ ក្នុងរយៈពេលនៃការធ្វើចត្តាឡីស័ក សូមរក្សាអនាម័យឱ្យបានខ្ជាប់ខ្ជួន និងអនុវត្តបានតាមការណែនាំរបស់ក្រសួងសុខាភិបាល។

 

លោកជំទាវអភិបាលរងខេត្ត បន្ថែមថា ការធ្វើចត្តាឡីស័កនេះ គឺជាការបំពេញនូវកាតព្វកិច្ចមួយរបស់យើងបានត្រឹមត្រូវ ក្នុងករណីដែលយើងមានវិជ្ជមានជំងឺកូវីដ-១៩ យើងមិនបានទៅចម្លង ទៅក្រុមគ្រួសារ សាច់ញាតិ និងទៅអ្នកដទៃឡើយ ហើយការធ្វើចតាឡីស័កនេះ គឺយើងបានបញ្ចប់នូវការសង្ស័យរបស់យើង តើយើងបានឆ្លងជំងឺកូវីដ-១៩ពីអ្នកដទៃដែរឬទេ។

 

លោក នូ សុវណ្ណារ៉ា អភិបាលក្រុងតាខ្មៅ បានឱ្យដឹងថា នៅបុរី លំនៅដ្ឋានទីក្រុងរណប សិរីមង្គល ដែលមានជាប់ពាក់ព័ន្ធផ្ទះល្វែង ចំនួន ៥៣៧ល្វែង និងមានប្រជាពលរដ្ឋកំពុងរស់នៅចំនួន ២៤៨ល្វែង ដែលមានប្រជាពលរដ្ឋរស់នៅសរុប ៧៥០នាក់។ លោកអភិបាលក្រុង បានបន្ថែមទៀតថា ការដែលឈានដល់បិទជាបណ្ដោះអាសន្ននៅបុរីមួយនេះ បន្ទាប់ពីរកឃើញមានវិជ្ជមានអ្នកផ្ទុកមេរោគកូវីដ-១៩ ចំនួន ៧នាក់កាលពីពេលកន្លងទៅនេះ។

 

សូមបញ្ជាក់ផងដែរថាក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ក្រុងតាខ្មៅមានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១៣នាក់ បានប៉ះពាល់ដោយផ្ទាល់ និងប្រយោលចំនួន ១៣៥៦នាក់។