ក្រសួងកសិកម្មបើកយុទ្ធនាការចាក់វ៉ាក់សាំ​ងបង្ការជំងឺកូវីដ-១​៩ជូនថ្នាក់ដឹក​នាំមន្រ្តីរាជ​ការ

យោងតាមផែនការដែលបានគ្រោងទុករវាងគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសនិងអនុគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ នេះ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យា និងសមាជិកគ្រួសារថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចំនួនជាង ៣ ៣០០ នាក់។ ក្នុងឱកាសដ៏វិសេសវិសាលនេះ ក្នុងនាមថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទាំងអស់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងយកចិត្តទុកដាក់ខ្ពស់ពីសុខទុក្ខ និងសុខមាលភាព របស់មន្រ្តីរាជការ និងប្រជាជន ជាទូទៅនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ជាពិសេសនៅក្នុងដំណាក់កាលនៃការរីករាលដាលជាសកលនៃមេរោគកូវិដ ១៩ នាពេលនេះ និងសូមថ្លែងអំណរគុណជូនចំពោះក្រសួងសុខាភិបាល និងគណកម្មការចំពោះកិច្ចដែលបានជួបរៀបចំ ឲ្យមានយុទ្ធនាការនេះកើតមានឡើងនៅក្រសួងនាព្រឹកនេះ និងជាពិសេសបានបញ្ជូនមន្រ្តីពេទ្យស្ម័គ្រចិត្តមកជួយចាក់វ៉ាក់សាំងដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទៀតផង។ ។ តាមគម្រោងផែនការរបស់ក្រុមការងារ ចាក់វ៉ាក់សាំងកូវីដ-១៩ សម្រាប់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គឺនឹងធ្វើឲ្យសម្រេចក្នុងការចាក់វ៉ាក់សាំងជូនថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នាថ្ងៃដំបូងនេះឲ្យបាន ៣០០ នាក់ ។
ក្នុងឱកាសនេះផងដែរ ខ្ញុំសូមថ្លែងអំណរគុណចំពោះគ្រូពេទ្យស្ម័គ្រចិត្តដែលបានលះបង់គ្រប់បែបយ៉ាង ដើម្បីបម្រើប្រជាជនដោយមិនគិតពីការនឿយហត់ និងសុខទុក្ខខ្លួនផ្ទាល់ ក៏ដូចជាក្រុមគ្រួសារ។
ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ ខ្ញុំសូមអំពាវ នាវដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការនិងអ្នកពាក់ព័ន្ធអញ្ជើញមកចាក់ថ្នាំការពារនេះឲ្យបានទាន់ពេលវេលាដែលបានកំណត់ដោយក្រសួង និងជាពិសេសត្រូវចូលរួមអនុវត្តឲ្យខាងតែបានគឺ ៣កុំ និង ៣ ការពារ៕