អភិបាលខេត្តកំពង់ធំ នាំយកអំណោយសប្បុរសជន ប្រគល់ជូនរដ្ឋបាលស្រុក និងបន្តចុះសួរ​សុខទុក្ខពលករ​ដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះក្នុងស្រុកកំពង់ស្វាយ

ខេត្តកំពង់ធំ៖ នាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បាននាំយក​អំណោយសប្បុរសជន ប្រគល់ជូនរដ្ឋបាលស្រុក សម្រាប់​ចែកជូនបងប្អូនពលករ​ដែលកំពុងធ្វើ​ចត្តាឡីស័ក​នៅតាមផ្ទះមានជីវភាពខ្វះខាត នឹងបន្តដំណើរអញ្ជើញចុះសាកសួរសុខទុក្ខពលករដែលទើបវិល​ត្រឡប់​មកពី​ក្រៅប្រទេសនិងតាមបណ្ដាខេត្តនានា ដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ ស្ថិតនៅក្នុង​ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

 

ក្នុងពិធីជួបសំណេះសំណាលនោះដែរឯកឧត្តម សុខ លូ មានប្រសាសន៍លើកឡើងថា ការធ្វើចត្តាឡីស័កនេះ មានរយៈពេល ១៤ថ្ងៃ បន្ទាប់ពីពុកម៉ែបងប្អូនបានវិលត្រឡប់មកពីក្រៅប្រទេស និងបណ្ដាខេត្តនានា ក្រោមការ​តាមដាន​របស់អាជ្ញាធរមូលដ្ឋាន ដោយអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ការចម្លងរីករាលដាល​នៃ​ជំងឺកូវីដ-១៩ គោរពតាមវិធានសុខាភិបាលអោយបានម៉ត់ចត់ និងបន្តចូលរួមជាមួយវិធានការ «៣ការពារ ៣កុំ» របស់រាជរដ្ឋាភិបាល ឱ្យបានម៉ឺងម៉ាត់ជាទីបំផុត។

 

ទន្ទឹមនឹងនោះឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅ​ថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខនេះ សូមផ្អាកនូវការជួបជុំ ការរាំលេងកំសាន្ត ឬទៅតំបន់​រមណីយដ្ឋានផ្សេងៗ ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ ម្យ៉ាងវិញទៀត ប្រសិនបើ​មិនមាន​ការចាំបាច់ទេ សូមបងប្អូននៅផ្ទះ កុំចេញទៅណាអោយសោះ ចៀសវាងនូវការឆ្លង ជំងឺកូវីដ-១៩៕

 

ប្រភព៖ រដ្ឋបាលខេត្តកំពង់ធំ