ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល សំណេះសំណាលជាមួយបងប្អូន កម្មករ កម្មការិនី នៅតំបន់សេដ្ឋកិច្ចពិសេស 7NG

ខេត្តកណ្ដាល៖ អភិបាលខេត្តកណ្ដាល ឯកឧត្តម គង់ សោភ័ណ្ឌ បានថ្លែងអំណរគុណ និងកោតសរសើរ ដល់ក្រុមហ៊ុន គ្រួសារសេវេន អែនជី (7NG) ដែលបានចូលរួមតាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ នាយករដ្ឋមន្ត្រី ដោយមិនបានយកថ្លៃឈ្នួល បន្ទប់ជួល និងថ្លៃទឹក ថ្លៃភ្លើង ចំនួន ៥០០បន្ទប់ រយៈពេល៣ខែ គិតចាប់ពីខែមេសា នេះតទៅ ក្នុងតំបន់សេដ្ឋកិច្ចពិសេស សេវេន អែនជី (7NG)។ ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានថ្លែងអំណរគុណ និងកោតសរសើរ បែបនេះក្នុងឱកាសឯកឧត្តម អញ្ជើញសំណេះសំណាល និងសាកសួរសុខទុក្ខ បងប្អូន កម្មករ កម្មការិនី ដែលកំពុងស្នាក់នៅចំនួន ៥០០បន្ទប់ ក្នុងតំបន់សេដ្ឋកិច្ចពិសេស សេវេន អែនជី (7NG) ស្ថិតក្នុងឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១។

ឯកឧត្តម បានបន្តថា ការចូលរួមរបស់ ក្រុមហ៊ុន គ្រួសារសេវេន អែនជី (7NG) គឺជាការចូលរួមចំណែកមួយដ៏សំខាន់ ជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តកណ្ដាល ក្នុងកាលៈទេសៈដែល ប្រទេសកម្ពុជាយើង ដូចជាខេត្តកណ្ដាលទាំងមូល កំពុងប្រឈមនឹងការរាលដាល នៃជំងឺកូវីដ-១៩ ជាងនេះទៀត ការមិនយកថ្លៃបន្ទប់ជួល និងថ្លៃទឹក ថ្លៃភ្លើង របស់ក្រុមហ៊ុន គ្រួសារសេវេន អែនជី (7NG) គឺជាការចូលរួមយ៉ាងសំខាន់ ក្នុងការជួយដោះស្រាយនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋ ក្នុងកាលៈទេសៈដ៏លំបាកមួយនេះ។

ឯកឧត្តមខេត្តកណ្ដាល បន្ថែមថា ទូទាំងខេត្តកណ្ដាល មានម្ចាស់ផ្ទះជួល ឬបន្ទប់ជួល ប្រមាណជិត ៣០កន្លែង ដែលបានចូលរួមតាមការអំពាវនាវរបស់រាជរដ្ឋាភិបាលរាជរដ្ឋា និងរដ្ឋបាលខេត្តកណ្ដាល ក្នុងការមិនយកថ្លៃផ្ទះជួល ឬបន្ទប់ជួល ហើយឯកឧត្តមអភិបាលខេត្តកណ្ដាល អំពាវនាវដល់ លោកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ដែលជាម្ចាស់ផ្ទះជួល ឬបន្ទប់ជួល នៅក្នុងខេត្តកណ្ដាល បន្តបចូលរួម មិនយកថ្លៃផ្ទះជួល ឬបន្ទប់ជួល របស់អស់លោកផងដែរ។

ក្នុងឱកាសនោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ក៏បានអំពាវនាវដល់បងប្អូន កម្មករ កម្មការិនី និងប្រជាពលរដ្ឋទាំងអស់ សូមចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ពីវិធានការបង្ការ ការពារ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ពិសេសអនុវត្តឱ្យបាន នូវវិធានការការពារជំងឺកូវីដ-១៩ របស់ប្រមុខរាជរដ្ឋាភិបាល សម្ដេច តេជោ រួមមាន ៣ការពារ ៣កុំ។ ហើយឯកឧត្ដមអភិបាលខេត្តកណ្ដាល ក៏បានអំពាវនាវយ៉ាងទទូច ដល់បងប្អូនប្រជាពលរដ្ឋ បើមិនមានការចាំបាច់ សូមកុំចេញខាងក្រៅ ព្រោះថានៅទូទាំងប្រទេស នៅតែបន្តមានការកើនឡើង អ្នកដែលមានផ្ទុកមេរោគកូវីដ-១៩ និងនៅតែបន្តមានការកើនឡើង នូវអ្នកដែលបានស្លាប់ដោយមេរោគកូវីដ-១៩ផងដែរ។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តកណ្ដាល បាននាំយកនូវអំណោយឧបត្ថម្ភដល់បងប្អូន កម្មករ កម្មការនី ដោយក្នុងម្នាក់ៗទទួលបាន៖ អង្ករ ១០ គីឡូ ឆៃពៅផ្អែម ១គីឡូ ទឹកសុទ្ធ ១យួរ ម៉ាស ១ប្រអប់ អាគុល ១ដប និងថវិការ ២ម៉ឺនរៀលផងដែរ។