ចាប់ផ្សឹកចៅអធិការវត្តពីរអង្គក្រោយបំពានបម្រាមគោចរនិងរកឃើញបទល្មើសរួមវត្ថុតាង

កំពង់ស្ពឺ៖អាជ្ញាធរស្រុកបសេដ្ឋនិងមន្ទីរធម្មការខេត្តកំពង់ស្ពឺសម្រេចចាប់ផ្សឹកព្រះសង្ឃពីរអង្គនៅថ្ងៃទី១៧ខែមេសាឆ្នាំ២០២១ខណៈសមត្ថកិច្ចរកឃើញវត្ថុតាងបទល្មើសមួយចំនួនទៀតក្រោយបំពានបម្រាមគោចរ។


លោកឈឺនសុធនរដ្ឋបាលស្រុកបសេដ្ឋបានឱ្យដឹងថា៖កាលពីរំលងអធ្រាត្រចូលថ្ងៃទី១៧ខែមេសាឆ្នាំ២០២១គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបានចុះពង្រឹងអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខ៤៤សសរចុះថ្ងៃទី៦ខែមេសាឆ្នាំ២០២១ស្តីពីការហាមឃាត់ការធ្វើដំណើរនិងការបិទរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេសជាបណ្ដោះអាសន្នដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ក្នុងភូមិសាស្ត្រស្រុកបសេដ្ឋខេត្តកំពង់ស្ពឺ។


សេចក្តីសម្រេចលេខ០៤៦/២១សសរចុះថ្ងៃទី១៥ខែមេសាឆ្នាំ២០២១របស់រដ្ឋបាលខេត្តកំពង់ស្ពឺស្តីពីការបន្តអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្នដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩នៅក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺបានឃាត់រថយន្ត២គ្រឿងរបស់ព្រះសង្ឃដែលបើកបរនៅម្តុំស្ពានអង្គដែកកណ្តាលស្ថិតនៅភូមិអង្គដែកកណ្តាលឃុំពោធិ៍ម្រាលស្រុកបសេដ្ឋរួចបញ្ជូនទៅអធិការដ្ឋានដើម្បីសួរនាំ។

 
លោកបានបន្តថា៖ ព្រះសង្ឃទាំង២អង្គដែលនិមន្តធ្វើដំណើរបំពានបម្រាមគោចរមានព្រះនាម ព្រះតេជគុណ នួន ចិន្តា ព្រះជន្ម ៣៩ព្រវស្សា ជាចៅអធិការវត្ត មុន្នីសោភ័ណ្ឌ ស្ថិតនៅ ឃុំពោធិ៍ម្រាល ស្រុកបសេដ្ឋខេត្តកំពង់ស្ពឺនិងព្រះតេជគុណជឹងម៉េងហៀកព្រះជន្ម៣៥ព្រះវស្សាជាចៅអធិការវត្តសែនឧត្តម (បឹងសាឡាំ)ស្ថិតនៅ ឃុំពោធិ៍ម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

ក្រោយសាកសួរព្រះសង្ឃជាចៅអធិការវត្តទាំងពីររួចហើយកម្លាំងនគរបាលស្រុកបានឆែកឆេររកឃើញតេឡេបញ្ជាមេអាប៉ោងមួយ មេអាប៉ោងចំនួន ៤គ្រាប់ នៅជាប់ខ្លួន ចានអាប៉ោងមួយនិងស្រាបៀរ ៥កំប៉ុងនៅក្នុងរថយន្ត។

ក្រៅពីនោះសមត្ថកិច្ចបានរកឃើញខោអាវចំនួន១០គូនិងឯកសណ្ឋានមន្ត្រីនគរបាលមួយឈុតដែលមានឈ្មោះជាវរសេនីយ៍ត្រី នួន ចិន្តា កម្មសិទ្ធិព្រះចៅអធិការវត្តមុន្នីសោភ័ណ្ឌ ស្ថិតនៅឃុំពោធិ៍ម្រាលស្រុកបសេដ្ឋខេត្តកំពង់ស្ពឺ។សម្លៀកបំពាក់ទាំងអស់សម្រាប់ស្លៀកក្លែងភេទនៅពេលដែលនិមន្តទៅឆ្ងាយ និងប្រព្រឹត្តសកម្មភាពផ្សេងៗ។

ក្រោយរកឃើញវត្ថុតាងទាំងអស់ខាងលើគណៈបញ្ជាការឯកភាពរួមជាមួយមន្ទីរធម្មការនិងព្រះលេខាមេគុណខេត្តបានសម្រេចផ្សឹកទៅតាមពុទ្ធសាសនា និងបន្តតាមនីតិវិធី៕