សម្រេចបិទមូលដ្ឋានផ្សារដេប៉ូជាបណ្តោះអាសន្នក្នុងសង្កាត់ផ្សារដេប៉ូទី១

ភ្នំពេញ៖ អាជ្ញាធរខណ្ឌទួលគោកបាន ចេញសេចក្តីជូនដំណឹង ស្តីពីដំណើរការផ្អាកជាបណ្តោះអាសន្ន មូលដ្ឋានផ្សារស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី១ខណ្ឌទួលគោករាជធានីភ្នំពេញ។

ក្នុងសេចក្តីជូនដំណឹងនោះបានបញ្ជាក់ថា៖រដ្ឋបាលខណ្ឌទួលគោកសូមជូនដំណឹងដល់ប្រជាពលរដ្ឋនិងសាធារណជនពិសេសអាជីវករទាំងអស់អាស្រ័យដោយស្ថានភាពនៃការរីករាលដាលជំងឺកូវិដ-១៩ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះមានអាជីវករនិងប្រជាពលរដ្ឋបានឆ្លងវិរុសកូវីដ-១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈឆ្នាំ២០២១។ដែលស្ថានភាពនេះបានឆ្លងរាលដាលយ៉ាងឆាប់រហ័ស គួរឱ្យព្រួយបារម្ភ និងចាំបាច់ត្រូវមានវិធានការ សុខាភិបាល ដើម្បីទប់ស្កាត់ជាបន្ទាន់។

ចំពោះមុខ រដ្ឋបាលខណ្ឌទួលគោក សូមផ្អាកដំណើរការជាបណ្តោះអាសន្ននូវមូលដ្ឋានផ្សារដេប៉ូ សម្រាប់ រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ដើម្បីបង្ការនិងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ-១៩ទៅដល់អាជីវករអតិថិជនក៏ដូចជាប្រជាពលរដ្ឋ ដែលចេញចូល ក្នុងទីតាំងផ្សារខាងលើ។

ទន្ទឹមនឹងនេះ រដ្ឋបាលខណ្ឌទួលគោក សូមអំពាវនាវដល់អាជីវករ សន្តិសុខ បុគ្គលិក កម្មករ បម្រើការងារក្នុងផ្សារនិងក្រុមគ្រួសារអាជីវករពាក់ព័ន្ធព្រមទាំងប្រជាពលរដ្ឋដែលបានចេញចូលផ្សារខាងលើគិតចាប់ពីថ្ងៃទី៧ខែមេសាឆ្នាំ២០២១ដល់ថ្ងៃទី១៤ខែមេសាឆ្នាំ២០២១។ជាមួយនេះបើមានអាការៈក្តៅខ្លួនក្អកពិបាកដកដង្ហើមហើយមានការសង្ស័យថាឆ្លងវីរុសកូវីដ-១៩សូមអញ្ជើញមកយកសំណាកតេស្តរកមេរោគកូវីដ-១៩ជាបន្ទាន់នៅបរិវេណទីរួមផ្សារដេប៉ូស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី១ព្រមទាំងអនុវត្តន៍វិធានការចត្តាឡីស័ក ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវបំផុត។

រដ្ឋបាលខណ្ឌទួលគោកសង្ឃឹមជឿជាក់ថា៖ប្រជាពលរដ្ឋពិសេសអាជីវករទាំងអស់ដែលកំពុងប្រកបអាជីវកម្មក្នុងមូលដ្ឋានផ្សារដេប៉ូមានការយោគយល់និងចូលរួមអនុវត្តន៍សេចក្តីជូនដំណឹងនេះឱ្យមានប្រសិទ្ធភាព៕