ក្រុងខេមរភូមិន្ទនឹងមានកំពង់ផែថ្មីមួយទៀតឆ្នាំ២០២២

កោះកុង៖ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកោះកុងបានឱ្យដឹងនាពេលថ្មីៗនេះថា៖មិនយូរទេប្រជាពលរដ្ឋ,ពាណិជ្ជករនឹងទទួលបានប្រយោជន៍ជាច្រើនពីគម្រោងសាងសង់កំពង់ផែសមុទ្រថ្មីមួយទៀតគ្រាកំពង់ផែមុនមានសភាពចាស់ទ្រុឌទ្រោមខ្លាំង។

ជារឿងគួរឱ្យសាទរ សម្រាប់ពលរដ្ឋ ពាណិជ្ជករ និងអ្នកពាក់ព័ន្ធទាញយកផលចំណេញពីគម្រោងអភិវឌ្ឍន៍កំពង់ផែសមុទ្រថ្មីនៅក្នុងក្រុងខេមរភូមិន្ទ ក្រោមចំណាយថវិការបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីដល់សម្រួលដល់ប្រព័ន្ធដឹកជញ្ចូនទំនិញរាយ និងវិស័យទេសចរណ៍ ព្រមទាំងពហុវិស័យផងដែរតាមដៃព្រែកកោះប៉ោ។

លោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ចូនខេត្តកោះកុង គម្រោងសាងសង់កំពង់ផែថ្មីមួយនេះប្រភេទជាបេតុងមានប្រវែង៦៩ម៉ែត្រ និងទទឹង៦.៥ម៉ែត្រ។ ស្ពានបេតុងភ្ជាប់ទៅផែប្រវែង២៨ម៉ែត្រ ទទឹង៨ម៉ែត្រ ចំនួន២កន្លែង។

ដោយឡែកផ្លូវបេតុងចេញចូលផែទំហំ១៦២២.៨ម៉ែត្រការ៉េ កម្រាស់០.២៣ម៉ែត្រ រីឯផ្លូវដើរទំហំ១០០.៨ម៉ែត្រការ៉េ កម្រាស់០.២ម៉ែត្រ។ គម្រោងអភិវឌ្ឍន៍ស្ថាបនាផែសមុទ្របន្ថែមនេះមួយទៀត គ្រោងចំណាយថវិកាសរុបប្រមាណ១,៥លានដុល្លារ ដោយប្រើប្រាស់២ឆ្នាំ ធ្វើយ៉ាងណាឱ្យបញ្ចប់នៅឆ្នាំ២០២២ខាងមុខ។

លោកប្រធានមន្ទីរសាធារណការខេត្ត អះអាងថា មែនទែនទៅ បើកុំតែបញ្ហារីករាលដាលជំងឺកូវីដ១៩ ម្ល៉េះគម្រោងកំពង់ផែថ្មីចាប់អនុវត្តទៅដោយរលូនហើយ។ កំពង់ផែថ្មីនេះដែរ មិនត្រឹមតែជួយសម្រួលដល់ប្រព័ន្ធដឹកជញ្ចូនទំនិញរាយ និងវិស័យទេសចរណ៍ប៉ុណ្ណោះទេគឺប្រើប្រាស់បានជាលក្ខណៈពហុវិស័យ ជំនួសឱ្យផែថ្មីចាស់រក្សាទុកនៅកន្លែងដដែល គ្រាមានសភាពទ្រុឌទ្រោមយូរឆ្នាំមកហើយ។

ប្រជាពលរដ្ឋរស់នៅ និងប្រកបអាជីវកម្មក្បែរសួនច្បារមុខគម្រោងធ្វើកំពង់ផែថ្មី សម្តែងការស្វាគមន៍នូវហេដ្ឋានរចនាសម្ព័ន្ធដ៏ថ្មីស្រឡាងនេះ ដោយរំពឹងថា ផ្លូវទឹកទីរួមខេត្តកោះកុងកាន់តែអ៊ូអរ និងសកម្មផ្នែកដឹកជញ្ចូនទៅមក ពិសេសបង្កើនទាក់ទញភ្ញៀវទេសចរមកលេងកម្សាន្តច្រើនៗឡើងក្រោយបញ្ចប់គម្រោងរួចរាល់។

កំពង់ផែដឹកជញ្ចូនទំនិញចាស់ស្ថិតនៅទល់មុខអគារមន្ទីរសេដ្ឋកិច្ច និងហរិញ្ញវត្ថុខេត្ត ធ្លាប់បានកែលម្អចំនួន៣ដងរួចមកហើយ ដើមឡើយជាផែឈើ ក្រោយថ្ងៃរំដោះសង្រ្គាម ការធ្វើចរាចរណ៍ដឹកទំនិញចេញចូលពុមអាចធ្វើតាមផ្លូវគោកបាន ដូច្នេះការដឹកជញ្ជូនទំនិញមានភាពមមាញឹក។ ក្រោយមកទៀត ក៏មានការសម្រេចសាងសង់ផែថ្មីធ្វើអំពីបេតុងដែលមានប្រវែង២១.២ម៉ែត្រ និងទទឹង១១ម៉ែត្រ រាងជាអក្សរT ក្នុងឆ្នាំ១៩៨៤។

៥ឆ្នាំក្រោយមក ព្រោះតែសេដ្ឋកិច្ចមានការរីកចម្រើនខ្លាំង ទាំងការដឹកជញ្ជូនទំនិញ និងភ្ញៀវទេសចរកម្សាន្ត ឬធ្វើដំណើរទៅខេត្តព្រះសីហនុ ឬរាជធានីភ្នំពេញ។ គណកម្មាធិការប្រជាជនបដិវត្ថន៍ខេត្ត និងមន្ទីរគមនាគមន៍និងប្រៃសណីយ៍សម្រេចសាងសង់ផែបេតុងថ្មីទៀត ដោយបន្តពីផែចាស់មានទទឹង១១ម៉ែត្រនិងបណ្តោយ៣០ម៉ែត្រនៅឆ្នាំ១៩៨៩ដោយក្រុមហ៊ុនBMCរបស់ប្រទេសវៀតណាមជាអ្នកទទួលម៉ៅការសាងសង់។លុះដល់ឆ្នាំ១៩៩១ ទើបសម្រេចរួចរាល់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការចាប់ពីពេលនេះរហូតមកដល់សព្វថ្ងៃគ្រប់គ្រងដោយរដ្ឋបាលខេត្តកោះកុង៕