បន្តផ្អាកការលក់គ្រឿងស្រវឹងគ្រប់ប្រភេទក្នុងរាជធានី២សប្ដាហ៍ទៀតចាប់ពីថ្ងៃទី២៥មេសាដល់ថ្ងៃ៨ឧសភា

ភ្នំពេញ៖រដ្ឋបាលរាជធានីភ្នំពេញនៅយប់ថ្ងៃទី២៥ខែមេសាឆ្នាំ២០២១ បានចេញសេចក្ដីណែនាំបន្តផ្អាកការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ ក្នុងរាជធានីភ្នំពេញ រយៈពេល ២សប្ដាហ៍បន្ថែមទៀត គិតចាប់ពីថ្ងៃទី២៥ ខែមេសា រហូតដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១។

សេចក្តីណែនាំបានបញ្ជាក់ថា៖កន្លងមក រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញនូវសេចក្តីណែនាំលេខ ០០៩/២១ សណន ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ ស្តីពីការផ្អាកការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ និងផ្អាកការទទួលអតិថិជនឱ្យចូលមកទទួលទានក្នុង ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងកាហ្វ ហាងភេសជ្ជៈ និងអាជីវកម្មដ្ឋានផ្នែកអាហារ -ភេសជ្ជៈគ្រប់ប្រភេទ ។ក្នុងនោះ ជាលទ្ធផលវិធានការនេះ បានរួមចំណែកយ៉ាងសំខាន់ ក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ។

ចំពោះមុខ ដើម្បីឈានទៅគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបន្តផ្អាកការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ តាមគោលការណ៍ណែនាំដូចខាងក្រោម៖ ១. គ្រប់ទីផ្សារ ដេប៉ូចែកចាយភេសជ្ជៈ និងអាជីវកម្មដ្ឋានផ្នែកអាហារ-ភេសជ្ជៈគ្រប់ប្រភេទ បន្តផ្អាកជា បណ្ដោះអាសន្ននូវការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ រយៈពេល ២សប្តាហ៏បន្ថែមទៀត គិតចាប់ពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ ។

២.បុគ្គលទាំងឡាយណាដែលបន្តលក់ដូរចែកចាយ និងចរាចរណ៍គ្រឿងស្រវឹងគ្រប់ប្រភេទ ក្នុងអំឡុងពេល នៃការហាមឃាត់នេះ នឹងត្រូវទទូលទោស ដូចមានកំណត់ក្នុងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋាន តតិយុត្តពាក់ព័ន្ធជាធរមាន។

៣.រដ្ឋបាលខណ្ឌទាំង១៤ និងមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ ត្រូវសហការចុះត្រួតពិនិត្យតាមបណ្តាគោលដៅ ទីផ្សារ ដេប៉ូចែកចាយភេសជ្ជៈ និងអាជីវកម្មដ្ឋានផ្នែកអាហារ ភេសជ្ជៈគ្រប់ប្រភេទ ដើម្បីអនុវត្តតាមខ្លឹមសារ នៃសេចក្ដីណែនាំនេះ។ ក្នុងករណីរកឃើញថា គណៈគ្រប់គ្រងផ្សារ ម្ចាស់ដេប៉ូ ឬ ម្ចាស់អាជីវកម្មដ្ឋានណាមួយ មិនព្រមសហការ ឬ មិនអនុវត្តន៍សេចក្ដីណែនាំនេះ ត្រូវអនុវត្តវិធានការរដ្ឋបាល និងវិធានការច្បាប់ ដោយគ្មានការលើកលែងឡើយ៕