ភ្នំពេញ៖សមត្ថកិច្ចចម្រុះប្រចាំការអនុវត្តច្បាប់ បិទខ្ទប់រាជធានីភ្នំពេញ បានឃាត់រថយន្តស៊េរីទំនើប២គ្រឿង រួមនិងមនុស្ស១៤នាក់ចិន១៣នាក់ និងអ្នកបើកបររជាខ្មែរម្នាក់។ករណីចាប់ខ្លួនជន១៤នាក់នេះធ្វើឡើងនៅគោលដៅរង្វង់មូលកាំភ្លើងគួចកាណុង គល់ស្ពានជ្រោយចង្វា ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញកាលពីយប់ថ្ងៃទី២៧ខែមេសាឆ្នាំ២០២១។ ។

មន្ត្រីកម្លាំងចម្រុះប្រចាំគោលដៅបានឱ្យដឹងថា៖សមត្ថកិច្ចបានឃើញរថយន្តស៊េរីទំនើប២គ្រឿង បម្រុងបើកឆ្លងគោលដៅត្រួតពិនិត្យ ក៏ឃាត់សួរនាំ។រថយន្តទី១ម៉ាក អូឌីពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ2AH-6216 បើកបដោយជនជាតិខ្មែរ រួមមានគ្នានៅក្នុងរថយន្តនោះ។ រីឯរថយន្តទី២ ម៉ាក Alpart ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ2BC-1606 បើកបរដោយជនជាតិចិននិងមានចិនរួមដំណើរក្នុងរថយន្តនោះ។

មន្ត្រីដដែលបានបន្តថា៖ពេលឃាត់សួរនាំឃើញថា៖ មិនមានឯកសាអនុញ្ញាតនិងមិនមានការចាំបាច់ ទើបសមត្ថកិច្ចប្រចាំគោលដៅ រាយការណ៍ទៅថ្នាក់លើឱ្យឃាត់រថយន្តទាំង២គ្រឿង និងមនុស្សសរុប១៤នាក់នេះជាបន្ទាន់។ ក្រោយពីការឃាត់សួរនាំបុរសខ្មែរ បានប្រាប់ទៅសមត្ថកិច្ចឱ្យដឹងថា៖ ខ្លួនបានជូនចិនទាំង១៣នាក់ មានប្រុសមានស្រីធ្វើដំណើរចេញពីម្តុំបឹងកេងកង គោលបំណងឆ្ពោះទៅខុនដូ ជ្រោយចង្វា កន្លែងក្រុមចិននេះស្នាក់នៅរួមទាំងខ្លួន មិនមានឯកសារ និងការអនុញ្ញាតទេ។

បន្ទាប់ពីឃាត់រថយន្តស៊េរីទំនើប២គ្រឿង និងមនុស្ស១៤នាក់ រួមមានខ្មែរម្នាក់រួចមកដោយមិនមានឯកសារ និងមិនមានលិខិតអនុញ្ញាតឱ្យចេញចូលរាជធានីភ្នំពេញ ជាពិសេសតំបន់បិទខ្ទប់ក៏បញ្ជូនខ្លួនចិនទាំង១៣នាក់ រួមអ្នកបើករថយន្តខ្មែរម្នាក់ ទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំ អនុវត្តបន្តទៅតាមនីតិវិធី៕