សងគំនុំចាស់បុរសម្នាក់កាប់ព្រះចៅអធិការវត្តរបួសដេរ៦០ថ្នេរនៅវត្តបក្សីចាំក្រុង

ពោធិ៍សាត់៖កម្លាំងនគរបាលស្រុកភ្នំក្រវាញបានចុះចាប់ជនសង្ស័យម្នាក់ករណីទាញកាំបិតផ្គាក់កាប់ព្រះចៅអធិការវត្តបក្សីចាំក្រុងបណ្ដាលឱ្យរងរបួសធ្ងន់នៅពេលកំពុងសូត្រមន្ត។ហេតុការណ៍នេះបានកើតឡើងនៅភូមិអូរបាក់ត្រា ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់កាលពីរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១។

លោក វរសេនីយ៍ត្រី នង សម្បត្តិ អធិការរងទទួលផែនព្រហ្មទណ្ឌនគរបាលស្រុកភ្នំក្រវាញបានឱ្យដឹងថា៖ជនសង្ស័យឈ្មោះ ឆេង ឆាយ ភេទប្រុស អាយុ ៣៨ឆ្នាំរស់នៅភូមិ.ឃុំខាងលើ ។ចំណែកព្រះសង្ឃរងរបួសព្រះនាម ទេព្យ អូច ព្រះជន្មាយុ ៥៤វស្សា ជាព្រះចៅអធិការវត្តបក្សីចាំក្រុង ស្ថិតនៅភូមិ.ឃុំកើតហេតុ ។

លោក វរសេនីយ៍ត្រី អធិការរងបានបន្តថា៖ជនសង្ស័យ បានយកកាំបិតផ្គាក់កាប់ព្រះសង្ឃកាលពី យប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ពេលដែលព្រះសង្ឃរងគ្រោះនិងព្រះសង្ឃអង្គផ្សេងៗទៀតកំពុងសូត្រមន្ត នាថ្ងៃពេញបរមីវិសាខបូជាបណ្ដាលឱ្យចំបញ្ចិតបំពង់.ករ,ចំទ្រូងដល់ឃ្លៀកខាងស្ដាំដេរចំនួន៦០ថ្នេរ រួចយកកាំបិតទៅដាក់ក្នុងទឹកពាងទឹកនិងគេចខ្លួនមួយយប់ ទើបសមត្ថកិច្ចចាប់ខ្លួនបាន ។

លោក អធិការរងបានឱ្យដឹងទៀតថា៖ករណីនេះជាការដោះស្រាយរឿងគំនុំចាស់ ព្រោះព្រះចៅអធិការវត្តធ្លាប់ចាប់ផ្សឹកជនសង្ស័យ ព្រោះសង្ស័យរូបនេះប្រើប្រាស់គ្រឿងញៀន កាលខ្លួននៅជាសង្ឃនាវត្តនេះ។បច្ចុប្បន្ន ជនសង្ស័យបានបញ្ជូនទៅការិយាល័យជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ដើម្បីចាត់ការបន្ត៕