ព្រះសង្ឃជីកដីដាក់លូឃើញគ្រាប់កាំភ្លើងចំនួន៤.៥០០គ្រាប់នៅវត្តគាស់ក្រឡ

បាត់ដំបង៖គ្រាប់កាំភ្លើងចំនួន១៨កេះមានចំនួន៤.៥០០គ្រាប់ដែលសំណល់សង្គ្រាមត្រូវព្រះសង្ឃគង់នៅវត្តបុរាណនិវេសន៍ហៅវត្តគាស់ក្រឡបានជីកដីដាក់លូក៏ប្រទះឃើញស្ថិតក្នុងភូមិឃុំគាស់ក្រឡស្រុកគាស់ក្រឡខេត្តបាត់ដំបងកាលពីរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១។

ប្រជាពលរដ្ឋបានឱ្យដឹងថា៖ព្រះសង្ឃគង់ក្នុងវត្តខាងលើបានជីកកាយដីដើម្បីដាក់លូធ្វើបង្គន់អនាម័យក៏ប្រទះឃើញគ្រាប់មិនទាន់ផ្ទុះប្រភេទPKF ចំនួន១៨កេះមានចំនួន ៤.៥០០គ្រាប់ ផលិតនៅប្រទេសឣាមេរិក។

ក្រោយទទួលដំណឹង កម្លាំងអធិការដ្ឋាននគរបាលស្រុកបានចុះពិនិត្យឃើញគ្រាប់ទាំងនោះឣាចកប់ក្នុងសម័យលន់នល់ ហើយខូចគុណភាពប្រហែល៩០ភាគរយ។ បច្ចុប្បន្ន សមត្ថកិច្ចបានរាយការណ៍និងប្រគល់ជូនឣង្គភាពស៊ីម៉ាក់ដើម្បីចាត់ចែងបន្ត៕