រដ្ឋបាលខេត្តត្បូងឃ្មុំ ៖ គិតត្រឹមថ្ងៃទី២៤ ខែសីហានេះ វ៉ាក់សាំងការពារជំងឺកូវីដ១៩ ប្រមាណ៤៣ម៉ឺនដុស ត្រូវបានចាក់ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តត្បូងឃ្មុំ

(ត្បូងឃ្មុំ)៖ រដ្ឋបាលខេត្តត្បូងឃ្មុំ កំពុងបន្តពន្លឿនការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខេត្ត យ៉ាងឆាប់រហ័សនៅតាមបណ្ដាក្រុង/ស្រុកទាំង៧ និងចាក់វ៉ាក់សាំងដុសទី៣ ឫដុសជំរុញ ជូនដល់មន្ត្រីរាជការជួរមុខ ព្រមទាំងចាក់វ៉ាក់សាំងជូនដល់កុមារ និងយុវវ័យដែលមានអាយុចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំ ។

បើតាមរបាយការណ៍របស់ មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ តាមរយៈលោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរ គិតត្រឹមថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ ការចាក់វ៉ាក់សាំងការពារកូវីដ ១៩ ជូនប្រជាពលរដ្ឋ មន្ត្រីរាជការ កុមារ និងយុវវ័យ មានចំនួនប្រមាណ៤៣មុឺនដុស រួមមាន៖

*ប្រភេទវ៉ាក់សាំង Sinopharm/Beijin ដុសទី១ មានចំនួន៤៥.២២០នាក់ ស្រី២២.១៤៤នាក់ ដុសទី២ មានចំនួន៤.០០៥នាក់ ស្រី១.២៣០នាក់

*ប្រភេទវ៉ាក់សាំងSinovac លើស១៨ឆ្នាំឡើង ដុសទី១ មានចំនួន ១០៦.៦១៧នាក់ ស្រី៥២.៤៥១នាក់ ដុសទី២ មានចំនួន ៨៦.៥៩៤នាក់ ស្រី៤២.២៤៦នាក់

*ប្រភេទវ៉ាក់សាំង Sinovac អាយុ១២ ដល់១៧ឆ្នាំ ដុសទី១ មានចំនួន ៧៩.២៦០នាក់ ស្រី ៤០.០៤១នាក់

*ប្រភេទវ៉ាក់សាំង Janssen/J&J ដុសទី១ មានចំនួន៩៧.៩៥៣នាក់ ស្រី៥១.៨៥៩នាក់

*ប្រភេទវ៉ាក់សាំង Astrazeneca UK ដុសទី៣ មានចំនួន១៣.១៥៨នាក់ ស្រី៤.៩៧៨នាក់ សរុបការចាក់វ៉ាក់សាំងការពារកូវីដ ១៩ ដុសទី១ មានចំនួន៣២៩.០៥០នាក់ ស្រី១៦៦.៤៩៥នាក់ ដុសទី២ មានចំនួន៩០.៥៩៩នាក់ ស្រី៤៣.៤៧៦នាក់ ដុសទី៣ មានចំនួន ១៣.១៥៨នាក់ ស្រី៤.៩៧៨នាក់។

ក្នុងនោះដែរឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានអំពាវនាវដល់ប្រជាពលរដ្ឋ មន្ត្រីរាជការ យុវវ័យ និងកុមារទូទាំងអស់ទូទាំងខេត្តត្បូងឃ្មុំ ក្រោយទទួលបានការចាក់សាំងការពារជំងឺកូវីដ១៩ រួចហើយ ត្រូវបន្តចូលរួមប្រកាន់ភ្ជាប់នូវវិធានការ ”៣ការពារ ៣កុំ”របស់ប្រមុខរាជរដ្ឋាភិបាលឲ្យបានខ្ជាប់ខ្ជួន ដើម្បីជៀសផុតពីជំងឺដល់កាចសាហាវមួយនេះ៕