ល្បែងស៊ីសង​កើតឡើង​យ៉ាង​ពេញបន្ទុកនៅ​ខេត្ត​ត្បូងឃ្មុំ ជាប្រភពចំណូររបស់ សមត្ថកិច្ច​និងមន្ដ្រីពាក់ព័ន្ធ

ត្បូងឃ្មុំ ៖ប្រភពថ្មីៗនេះពី​ប្រជាពលរដ្ឋ​នៅ​ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ បាន​លួចខ្សឹបប្រាប់ឲ្យដឹងថា កន្លងមក​ក្នុង​មូលដ្ឋាន​ពួកគាត់​មាន​ល្បែង​បញ្ជល់មាន់​និង​ល្បែងស៊ីសង​ខុសច្បាប់​ច្រើន​ប្រភេទ​ទៀត​កើតឡើង​យ៉ាង​ពេញបន្ទុកទៅហើយពី ព្រោះ​លោក ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ និង​លោក បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ មិនសូវ​គិតចុះបង្ក្រាប​ល្បែងស៊ីសង​ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​ឲ្យ​បានល្អ​ប្រសើរ​នោះទេ​..?។ ជាក់ស្ដែង​មិនមែន​តែ​នៅក្នុង​ស្រុក​ត្បូងឃ្មុំ ប៉ុណ្ណោះ​ទេ​ដែល​ល្បែងស៊ីសង​កើតឡើង​យ៉ាង​អនាធិបតេយ្យ គឺ​នៅ​ស្រុក​មេមត់ និង​ស្រុក​ពញាក្រែក ក៏មាន​ល្បែងស៊ីសង​កើតឡើង​យ៉ាងគំហុក​ផងដែរ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​បញ្ហា​អសន្តិសុខ​សង្គម​។ បើតាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បាន​បន្ថែមទៀតដឹងថា មេ​ល្បែងស៊ីសង​ភាគច្រើន​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ក្រុមមន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ទើប​ពួកគេ​បើក​ល្បែង​បញ្ជល់មាន់ ល្បែង​បៀ​អាប៉ោង កន្ទុយលេខ ឬ​ល្បែង​ផ្សេងៗ​ទៀត​តាម​អំពើ​ចិត្ត​។

កាលពី​រសៀល​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៩ សមត្ថកិច្ច​នគរបាល​ស្រុក​ត្បូងឃ្មុំ បាន​ចាត់វិធានការ​បង្ក្រាប​ស​ង្វៀន​បញ្ជល់មាន់​ដ៏​ធំ​មួយកន្លែង​នៅ​ចំណុច​ចំការ​ចំប៉ី ភូមិ​ទួល​ទ្រា ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ដែល​ម្ចាស់​សង្វៀន​មានឈ្មោះ ទ្រី និង​ឈ្មោះ ធា ល្បីល្បាញ​ខាង​បើក​ល្បែងស៊ីសង​ខុសច្បាប់​ជា​យូរ​មកហើយ​។ ការបង្ក្រាប​នោះបាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុងភូមិ​ទ្រា អស់សំណើច​យ៉ាងខ្លាំង​ព្រោះ​សមត្ថកិច្ច​នគរបាល​ស្រុក​ត្បូងឃ្មុំ បង្ក្រាប​បានតែ​កៅអី​កញ្ចាស់​១​និង​រុះរើ​សង្វៀន​បញ្ជល់មាន់​ដុតចោល​ប៉ុណ្ណោះ​។ ចំណែក​ម្ចាស់​សង្វៀន​បញ្ជល់​មាន់ឈ្មោះ ទ្រី និង​ឈ្មោះ ធា នៅតែ​គេច​ផុតពី​សំណាញ់​ច្បាប់​ដដែល ហើយ​មិនយូរ​ទេ​បុគ្គល​ទាំង​២​នាក់​នេះ​បើក​ល្បែងស៊ីសង​នៅ​កន្លែង​ដដែល​ជាមិនខាន​។

ថ្មីៗនេះប្រជាពលរដ្ឋ​ក្នុងភូមិ​ទ្រា ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា ពួកគាត់​គ្មាន​ជំនឿ​លើ​សមត្ថកិច្ច​នគរបាល​ស្រុក​ត្បូងឃ្មុំ ក្នុងការ​បង្ក្រាប​សង្វៀន​បញ្ជល់មាន់​របស់​ឈ្មោះ ទ្រី និង​ឈ្មោះ ធា នៅ​ចំណុច​ចំការ​ចំប៉ី ភូមិ​ទួល​ទ្រា នោះឡើយ​។ ដោយហេតុថា កន្លងមក​សមត្ថកិច្ច​ធ្លាប់​បង្ក្រាប​សង្វៀន​បញ្ជល់​មាន់​មួយ​នេះ​ច្រើនលើក​មកហើយ ប៉ុន្តែ​មិនបាន​ប៉ុន្មាន​ផង​សង្វៀន​បញ្ជល់មាន់​របស់​ឈ្មោះ ទ្រី និង​ឈ្មោះ ធា អាច​ដំណើរការ​យ៉ាង​រលូន​ឡើងវិញ ហើយ​ភ្នាល់​លុយ​ទ្រង់ទ្រាយ​ធំ​ទៀតផង​។ ហេតុនេះ​លោក ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ មិនគួរ​មើលរំលង​ភាព​អសកម្ម​របស់​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ក្នុងស្រុក​ត្បូងឃ្មុំ នោះទេ​ព្រោះ​កន្លងមក​សង្វៀន​បញ្ជល់​មាន់​ក្នុងភូមិ​ទួល​ទ្រា ត្រូវ​សមត្ថកិច្ច​បង្ក្រាប​ដដែលៗ​។ ប្រជាពលរដ្ឋ​បាន​រិះគន់​ចំៗ​ថា លោក សួស ស៊ា​ង​លី អធិការនគរបាល​ស្រុក​ត្បូងឃ្មុំ បង្ក្រាប​សង្វៀន​បញ្ជល់មាន់​នៅ​ភូមិ​ទួល​ទ្រា ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ បានត្រឹមតែ​ធ្វើ​ឲ្យ​ល្អមើល ព្រោះ​ម្ចាស់​សង្វៀន​ឈ្មោះ ទ្រី និង​ឈ្មោះ ធា ត្រូវបាន​គេ​ដឹងថា ជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់លោក មេនិងឃុបឃតជាគ្នាជាប្រព័ន្ធទៅហើយ៕