ផ្ទុះ​ឆេះ​រោងចក្រ​ផលិត​គ្រឿង​កាំជ្រួច​ផាវ​នៅ​តួ​ក​គី​បណ្តាល​ឱ្យស្លាប់​៤​នាក់​និង​រងរបួស​៩៧​នាក់

អន្ត​រេ​ជាតិ​៖​ក្រុមមន្ត្រី​បាន​និយាយថា​៖​ការផ្ទុះ​រោងចក្រ​ផលិត​កាំជ្រួច​ផាវ​មួយ​នៅ​ប្រទេស​តួ​ក​គី​បានសម្លាប់​មនុស្ស​៤​នាក់​និង​៩៧​នាក់​ផ្សេងទៀត​បាន​រងរបួស​កា​ល​ពីថ្ងៃ​សុក្រ​ទី​៣​កក្កដា​ឆ្នាំ​២០២០​។​ក្នុ​នោះ​ក៏មាន​មនុស្ស ៣ នាក់​ត្រូវបាន​រាយការណ៍​ថា​បាន​បាត់​ខ្លួន​។​

​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក​ហ្វា​រេ​តទី​ន កូ​កា បាន​រាយការណ៍​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ថា មាន​កម្មករ​១៨៦​នាក់​នៅ​រោងចក្រ​នោះ នៅ​កៅ​ទីក្រុង​Hendek ក្នុង​ខេត្ត​សា​កា​យ៉ា នៅពេល​ហេតុការណ៍​នេះ បានកើត​ឡើង​។​លោក​បាន​និយាយថា ការផ្ទុះ​នេះ​បានសម្លាប់​កម្មករ​៤​នាក់ ខណៈដែល​មនុស្ស​៩៧​នាក់​ផ្សេងទៀត​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ ។

​ប៉ុន្តែ​រហូតមក​ដល់ពេលនេះ​មនុស្ស​ជិត​៤០​នាក់​ក្នុងចំណោម​អ្នករបួស​ទាំងនោះ ត្រូវបាន​អនុញ្ញាត​ចេញពី​មន្ទីរពេទ្យ​។​ឧទ្ធម្ភាគចក្រ​២​គ្រឿង​និង​យន្ដហោះ​មួយគ្រឿង​ត្រូវបាន​បញ្ជូនទៅ​តំបន់​នោះ​ដើម្បី​ជួយ​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ ហើយ​អគ្គិភ័យ​នេះ ត្រូវបាន​គ្រប់គ្រង​បាន បន្ទាប់ពី​ចំណាយពេល​ជាច្រើន​ម៉ោង​ដើម្បី​ពន្លត់​វា​។​មូលហេតុ​នៃ​ការផ្ទុះ​នៅ​រោងចក្រ​ដែល​នៅ​ឆ្ងាយ​ពី​តំបន់​លំនៅស្ថាន​នោះ កំពុង​ស្ថិតក្រោម​ការស៊ើបអង្កេត​៕​