រដ្ឋបាលខេត្តក្រចេះបើកកិច្ចប្រជុំសេចក្តីព្រាងផែនការត្រៀមបំរុងឆ្លើយតបសង្រ្គោះបន្ទាន់គ្រោះមហន្តរាយទឹកជំនន់

ខេត្តក្រចេះ ៖ នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម វ៉ា ថន ភិបាលនៃគណៈអភិបាលខេត្តក្រចេះបានដឹកនាំកិច្ចប្រជុំមួយស្តីពីសេចក្តីព្រាងផែនការត្រៀមបំរុងដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះដោយធម្មជាតិ (ទឹកជំនន់)។

ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តក្រចេះបានស្នើឲ្យមន្ទីរ អង្គភាពពាក់ព័ន្ធទាំងអស់ត្រូវត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់មុនពេលគ្រោះអាសន្នមកដល់ ដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន និងសហគមន៍ គឺធ្វើយ៉ាងណាកុំឲ្យប្រជាពលរដ្ឋរងគ្រោះ ឬក៏អត់អាហារដែលយើងមិនបានដឹង និងមិនបានជួយសង្រ្គោះ។

ជាមួយគ្នានោះ ឯកឧត្តមអភិបាលក៏បានក្រើនរំលឹកដល់មន្ទីរ អង្គភាពពាក់ព័ន្ធត្រូវព្យាយាមចុះឲ្យបានដល់មូលដ្ឋាន និងសហគមន៍ដើម្បីមានភាពងាយស្រួលអប់រំអំពីការថែរក្សា សុខភាព អនាម័យ ជាចម្បង និងអប់រំដល់ការដាំដុះនូវដំដាំផ្សេងៗ ដើម្បីទ្រទ្រង់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ហើយនឹងងាយស្រួលទទួលបានព័ត៌មានត្រឡប់ពីពួកគាត់ ដែលត្រូវជួប និងបញ្ហាផ្សេងៗ ដើម្បីដែលតម្រូវឲ្យយើងដោះស្រាយឲ្យបានទាន់ពេលវេលា។ លើសពីនេះ ឯកឧត្តមបានសង្កត់ធ្ងន់ដល់កងកម្លាំងដែលថែរក្សាសុខ សុត្ថិភាពជូនសង្គម និងប្រជាពលរដ្ឋត្រូវចុះអនុវត្តន៍ឲ្យបានជាប្រចាំដើម្បីទប់ស្កាត់នូវបទល្មើសដូចជា ៖ ចោរលួច ចោរឆក់ និងចោរប្លន់ ពិសេសការលួចកាប់ទន្រ្ទានដីព្រៃរបស់រដ្ឋយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន និងទប់ស្កាត់ឧក្រិដ្ឋជនជួញដូរគ្រឿងញៀនឲ្យខានតែបាន ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងសហគមន៍៕