កិច្ចប្រជុំបូកសរុបវាយតម្លៃលទ្ធផលចុះផ្ទៀងផ្ទាត់ ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល កម្រិតខ្ពស់ (ODF’)ថ្នាក់ក្រុង-ស្រុក ក្នុងភូមិសាស្ត្រខេត្តកណ្ដាល

ខេត្តកណ្ដាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈ អភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំបូកសរុបវាយតម្លៃលទ្ធផលចុះផ្ទៀងផ្ទាត់ ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល កម្រិតខ្ពស់ (ODF’)ថ្នាក់ក្រុង-ស្រុក ក្នុងភូមិសាស្ត្រខេត្តកណ្ដាល ស្ថិតនៅសាលប្រជុំសាលាខេត្តកណ្តាល នាព្រឹកថ្ងៃចន្ទ ៣កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២៤៕

ឯកឧត្តម គង់ សោភ័ណ្ឌ មានប្រសាសន៍ថា ៖ “ចំពោះស្ថានភាពទឹកស្អាត និងអនាម័យខេត្តកណ្តាល ទំរាំបានឈរនៅលំដាប់ខ្ពស់ដូចសព្វថ្ងៃនេះ គឺមិនអាច កាត់ផ្តាច់ចេញបានពីការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសអង្គការដៃគូបានឡើយ។ ប្រសិនបើគ្មានការចូលរួមពី គ្រប់ភាគីពាក់ព័ន្ធទេ នោះរដ្ឋបាលខេត្ត ជាពិសេសមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដែលជាសេនាធិការឱ្យរដ្ឋបាលខេត្ត ដែលធ្វើលើការងារទឹកស្អាត និងអនាម័យនេះ គឺពិតជាមិនអាចធ្វើតែឯកឯងបានជោគជ័យនោះទេ ហើយជាពិសេស ប្រហែលមិនអាចសម្រេចបានជាខេត្ត ODF និង ODF+ ដូចសព្វថ្ងៃនេះទេ”។
ខ្ញុំ (ឯកឧត្តម គង់ សោភ័ណ្ឌ ) សូមប្រកាសជាឱឡារិកថា ខេត្តកណ្តាលបានសម្រេច ជាខេត្តបញ្ចាប់ ការបន្ទោបង់ពាសវាល ពាសកាលកម្រិតខ្ពស់ (ODF+) ផ្ទៃក្នុង ចាប់ពីពេលនេះតទៅ។
កិច្ចប្រជុំថ្ងៃនេះ បានបង្ហាញនូវចំណុចវិជ្ជមានខ្ពស់ និងមានចំណុចអវិជ្ជមានមួយចំនួនតូច ដែលយើងត្រូវយក ចិត្តទុកដាក់ អនុវត្តបន្ថែមឱ្យបានពេញលេញតាមសូចនាកររបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីត្រៀមខ្លួន សម្រាប់ ទទួលក្រុមការងារថ្នាក់ជាតិចុះមកពិនិត្យផ្ទៀងផ្ទាត់ (ODF+)ថ្នាក់ខេត្តជាផ្លូវការក្នុងពេលឆាប់ៗនេះ តាមរយៈនីតិវិធី ការចាប់ ឆ្នោតជ្រើសរើស (ចាប់ឆ្នោតចំក្រុង ស្រុក មន្ទីរ អង្គភាព និងគ្រឹះស្ថានឯកជនណា ក្រុមការងារថ្នាក់ជាតិ នឹងចុះទៅភ្លាមៗតែម្តង)។