ប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ ចំនួន១គ្រួសារ នៅសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល

ខេត្តកណ្ដាល៖ សៀលថ្ងៃ២៤ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានចាត់ឱ្យលោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្ដាល និងជាហិរញ្ញិកគណៈកម្មាធិការសាខា បានដឹកនាំប្រតិភូសាខាអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ទៅចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ ចំនួន១ខ្នង ស្ថិតនៅភូមិ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
មានមតិសំណេះសំណាលនាឱកាសនោះលោកជំទាវ ស្រ៊ុន ស្រីនាង ក្នុងនាមឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិកាសាខា បាននាំមកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹក។
លោកជំទាវបានបញ្ជាក់ថា ទោះបីអំណោយមានលក្ខណៈតិចតួចស្តួចស្តើងពុំអាចឆ្លើយតបទៅនឹងទំហំនៃការរងគ្រោះនេះក៏ពិតមែន ប៉ុន្តែយើងបានចូលរួមចំណែកក្នុងការជួយដោះស្រាយនូវបញ្ហាខ្វះខាតរបស់បងប្អូនបានមួយកម្រិតផងដែរ។ ម៉្យាងវិញទៀតអំណោយដែលសាខាបាននាំយកមកឧបត្ថម្ភជូនបងប្អូននាឱកាសនេះ គឺពុំបានប្រកាន់នូវពូជសាសន៍ សាសនា ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
អំណោយដែលសាខាបានឧបត្ថម្ភជូនដល់គ្រួសាររងគ្រោះមាន៖ អង្ករ ៥០គីឡូក្រាម មី១កេស កៅស៊ូតង់១ផ្ទាំង ទឹកត្រី១យួរ ទឹកស៊ីអុីវ ១យួរ ទឹកសុទ្ធ ១កេស ត្រីខ ១យួរ ឃីតសម្ភារប្រើប្រាស់១កញ្ចប់ សម្ភារផ្ទះបាយ ១ឈុត និងថវិកាចំនួន ១,០០០,០០០រៀល។ ដោយឡែកអនុសាខាកាកបាទក្រហមកម្ពុជាក្រុងតាខ្មៅ បានឧបត្ថម្ភជូនដល់គ្រួសារជនរងគ្រោះរួមមាន៖ អង្ករ៥០គីឡូក្រាម ទឹកត្រី១យួរ ទឹកស៊ីអ៊ុវ១យួរ ទឹកសុទ្ធ១កេះ សម្ភារៈផ្ទះបាយ១ឈុត និងថវិកាចំនួន២០០,០០០រៀលផងដែរ។
សូមបញ្ជាក់ផងដែរថា៖ នៅវេលាម៉ោង០២និង៥០នាទីទៀបភ្លឺ ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ២០២៥ មានអគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋចំនួន១ខ្នង ស្ថិតនៅភូមិ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្ត​កណ្ដាល​ ដោយបណ្ដាលអោយផ្ទះមួយខ្នងរងការខូចខាតទាំងស្រុង។