លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានផ្តល់ផ្ទះសង្ក័សីមួយខ្នង ឧបត្ថម្ភថវិការនិងគ្រឿងឧបភោគបរិភោគ ជូនដល់លោកយាយ ឈុន ស័ក អាយុ៩៣ឆ្នាំ ក្នុងខេត្តកំពង់ស្ពឺ

#ទំហំទឹកចិត្តធំជាងទំហំទឹកលុយដែលមិនអាចកាត់ថ្លៃបាន
កាលពីល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារអាវុធហត្ថ ចុះសួរសុខទុក្ខលោកយាយ ឈុន ស័ក អាយុ៩៣ឆ្នាំ ដែលមានជីវភាពខ្វះខាត កំពុងជួបការលំបាក ស្ថិតនៅភូមិត្រពាំងលើក សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ជាក់ស្តែងដោយមើលឃើញថាផ្ទះចាស់របស់លោកយាយ មានសភាពទ្រុឌទ្រោមធ្លុះធ្លាយ ពុកផុយពិបាករស់នៅ ណាមួយចូលដល់រដូវវស្សាផង ដោយមើលឃើញពីការលំបាក លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ រួមជាមួយក្រុមការងារ បានសាងសង់ផ្ទះសង្ក័សីមួយខ្នងទំហំ(៣,៥០មx៤ម)ជូនដល់លោកយាយផងដែរ។

ក្រោយពីជួបសំណេះសំណាលសួរសុខទុក្ខនិងពិនិត្យផ្ទះដែលបានសាងសង់ជូនលោកយាយរួច លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានឧបត្ថម្ភនូវថវិការចំនួន ១៨០,០០០រៀល,សាងសង់ផ្ទះសង្ក័សីទំហំ(៣មx៤ម)ដោយចំណាយថវិការអស់ចំនួន ៦១៧.៦ដុល្លា និងគ្រឿងឧបភោគបរិភោគរួមមាន(អង្ករចំនួន០២បេ,ទឹកផ្លែឈើចំនួន ០១កេស,ទឹកសុទ្ធចំនួន ០១កេស,មីចំនួន ០១កេស,ទឹកស៊ីអ៊ីវចំនួន ០១យួរ,ទឹកត្រីចំនួន ០១យួរ,ត្រីខចំនួន ០១យួរ,ម៉ុងចំនួន ០១,កន្ទេលចំនួន០២ និងម៉ាស់ចំនួន ២ប្រអប់ផងដែរ ។

ជាចុងក្រោយ មុននឹងជំរាបលាលោកយាយ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ រួមជាមួយក្រុមការងារបានជូនពរដល់លោកយាយសូមឲ្យមានសុខភាពល្អ និងពិសេសផ្តាំផ្ញើរដល់កូនចៅរបស់លោកយាយ បើមានបញ្ហាអ្វី ឬអសន្តិសុខផ្សេងៗ សូមរាយការដល់ក្រុមការងារភ្លាមៗ ដើម្បីឲ្យក្រុមការងារចុះជួយសម្របសម្រួលជូន។

ដោយក្តីរំភើបរីករាយឥតឧបមា លោកយាយ ព្រមទាំងកូនចៅ បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុត នឹងជួនពរជ័យដល់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន និងក្រុមគ្រួសារ បុត្រា បុត្រី ព្រមទាំងក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺទាំងអស់ សូមអោយមានជន្មាយុយឺនយូរ ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន មានសុភមង្គលក្នុងក្រុមគ្រួសារ មានសុខភាពល្អបរិបូរណ៍ និងសូមប្រកបដោយពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕