ថ្នាក់ដឹកនាំខេត្តកណ្តាល ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្រ្តីសាលាខេត្ត អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជីមហ៊ុយ ទីប្រឹក្សាប្រធានព្រឹទ្ធសភា និងជាអតីតសមាជិករាជរដ្ឋាភិបាល រដ្ឋសភា និងព្រឹទ្ធសភា ដែលបានទទួលមរណភាព

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្រ្តីសាលាខេត្ត អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជីមហ៊ុយ ទីប្រឹក្សាប្រធានព្រឹទ្ធសភា និងជាអតីតសមាជិករាជរដ្ឋាភិបាល រដ្ឋសភា និងព្រឹទ្ធសភា ដែលបានទទួលមរណភាពកាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ ក្នុងជន្មាយុ៨៩ឆ្នាំ ដោយជរាពាធ។
ក្នុងឱកាសប្រកបដោយក្ដីសង្វេគនេះ តាងនាម រដ្ឋបាលខេត្តកណ្ដាល ដោយសេចក្តីសោកសង្រេងព្រមទាំងសោកស្តាយ អាឡោះអាល័យជាមួយលោកជំទាវ និងក្រុមគ្រួសារក្នុងការបាត់បង់ស្វាមី ឪពុក ឪពុកក្មេក ជីតាជាទីគោរព ស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌របស់ភរិយា កូនៗ និងចៅៗទាំងអស់គ្នា ហើយក៏ជាការបាត់បង់នូវឥស្សរជនស្នេហាជាតិដ៏ឧត្តុង្គឧត្តម ដែលពេញមួយជីវិតឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានបូជា កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា ស្មារតី រួមចំណែកយ៉ាងសកម្មបំផុតក្នុងការស្តារ និងអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ព្រមទាំងបានបន្សល់ទុកនូវស្នាដៃជាច្រើនក្នុងវិស័យអប់រំ សិក្សាធិការ បណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។
សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជះបារមី ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធរបស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជីមហ៊ុយ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕