
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកតា ស៊ុច
ថ្ងៃចេញផ្សាយៈ July 4, 2025
នាព្រឹកថ្ងៃសុក្រ ទី៤ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានទទួលជួបលោកតា ស៊ុច ដែលជាព្រះសង្ឃគង់នៅប្រទេសថៃ ហើយត្រូវបានពលរដ្ឋថៃ ផ្ទុះការខឹងគ្រោធមិនឱ្យលោកតានិមន្តចូលប្រទេសថៃវិញ។
លោកតា ស៊ុច ជាព្រះសង្ឃមួយអង្គគង់នៅទឹកដីថៃ ដែលជាអតីតទឹកដីរបស់ខ្មែរ។ លោកតា ស៊ុច និងជនជាតិថៃ ដែលខ្មែរហៅថា «ជាខ្មែរលើ» រស់នៅជាប់ខេត្តរបស់ខ្មែរនាពេលបច្ចុប្បន្ននាពេលបច្ចុប្បន្ន អាចនិយាយភាសាខ្មែរបានយ៉ាងច្បាស់។
ក្នុងពេលកម្ពុជា និងថៃ កើតវិវាទព្រំដែនជាមួយគ្នា លោកតា ស៊ុច បានចេញមានសង្ឃដីកាបញ្ជាក់ពីប្រភពកំណើតរបស់ខ្មែរ ក៏ដូចជាពលរដ្ឋថៃរស់នៅតាមខេត្តសុរិន្ទ បុរីរ៉ាំ ស៊ីសាកេតជាដើមនោះ ថាមានដើមកំណើតជាខ្មែរ។
ការមានសង្ឃដីកាពីប្រវត្តិពិតទាំងនេះ បានធ្វើឱ្យពលរដ្ឋថៃរស់នៅតាមខេត្តអតីតដែនដីរបស់កម្ពុជានោះ កើតការខឹងគ្រោធ ហើយរើសអើងមិនឱ្យលោកតានិមន្តចូលប្រទេសវិញនោះឡើយ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសទទួលសំណូមពររបស់លោកតា ដោយអនុញ្ញាតឱ្យលោកតាគង់នៅក្នុងប្រទេសកម្ពុជា។ លោកតា ស៊ុច បាននិមន្ត្តពីប្រទេសកាណាដា ត្រឡប់មកដល់កម្ពុជា កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅនេះ។
លោកតាបានបង្ហាញទឹកព្រះទ័យរីករាយ ទទួលបានការសណ្តោសពីសម្តេចមហាបវរធិបតី និងសម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោកតាគង់នៅកម្ពុជា ដូចជាពលរដ្ឋខ្មែរដទៃ៕




