
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញចូលរួមពិធីជួបសំណេះសំណាល និងចែកអំណោយជូនលោកពូ លោកអ៊ុំ លោកតា ប្រកបរបរធាក់ស៊ីក្លូ៣៨៦នាក់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ក្រោមអធិបតីភាពសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
រាជធានីភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាល និងចែកអំណោយ ក្រោមអធិបតីភាពសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ដែលបានអញ្ជើញសំណេះសំណាល និងចែកអំណោយមនុស្សធម៌ជាលើកទី២
ជូនលោកពូ លោកអ៊ុំ លោកតា ដែលជាសមាជិកមូលនិធិត្រីចក្រយានកម្ពុជា (ស៊ីក្លូ) ចំនួន ៣៨៦នាក់ ក្នុងរាជធានីភ្នំពេញ។ ពិធីនេះបានប្រព្រឹត្ដទៅនៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ក្នុងសង្កាត់អូបែកក្អម រាជធានីភ្នំពេញ។
សម្រាប់អំណោយមនុស្សធម៌ដែលទទួលបានពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន បានចែកជូនសមាជិកមូលនិធិត្រីចក្រយានកម្ពុជានៅថ្ងៃនេះ ក្នុងម្នាក់ៗទទួលបាន៖ អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១កេស (ស្មើនឹង ១០០កំប៉ុង), ប្រេងឆា ១ដប, ទឹកស៊ីអ៊ីវ ១យួរ, ភេសជ្ជៈបាកាស ១យួរ, ទឹកក្រូច ១កេស, ឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់ និងថវិកា ៣០០.០០០រៀល រួមជាមួយអាហារពេលព្រឹក រួមមាន បាយសាច់មាន់ ១ប្រអប់, ផ្លែក្រូចឃ្វិច ២ផ្លែ, ទឹកក្រូច ១កំប៉ុង និងទឹកបរិសុទ្ធ ២ដប ទៀតផង។
ជាមួយគ្នានេះលោកពូ លោកអ៊ុំ លោកតា រួមទាំងមានបងស្រីម្នាក់ផងដែរ ដែលប្រកបមុខរបរធាក់ស៊ីក្លូ បានសម្ដែងនូវភាពសប្បាយរីករាយជាខ្លាំង និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅគោរពជូនចំពោះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែមិនភ្លេច ជួយយកអាសារ ពីសុខទុក្ខមិនដែលរំលងនោះឡើយ ហើយនេះក៏ជាលើកទី២ហើយ ដែលបានជួយដោយផ្ទាល់ជាមួយសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត មាតាមនុស្សធម៌គ្មានព្រំដែន ទឹកចិត្ដជួយសង្រ្គោះដ៏មហិមា និងជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់កូនចៅកម្ពុជា។
ឆ្លៀតក្នុងពិធីសំណេះសំណាលខាងលើនេះលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ,ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាមូលនិធិត្រីចក្រយានកម្ពុជាបានថ្លែងថា វត្តមានរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីនេះ គឺជាការផ្ដល់នូវកិត្តិយស និងជាការលើកទឹកចិត្តដ៏ធំធេងដល់រដ្ឋបាលរាជធានីភ្នំពេញ សាខាកាកបាទក្រហមកម្ពុជារាជធានី និងអនុសាខា ខណ្ឌទាំង១៤ ក្នុងការបន្តខិតខំប្រឹងប្រែងបំពេញបេសកកម្មមនុស្សធម៌របស់ខ្លួន ឱ្យកាន់តែសកម្មខ្លាំងក្លាថែមទៀត។ ជាមួយគ្នានេះ ការចុះជួបសំណេះសំណាលដោយផ្ទាល់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មិនត្រឹមតែបានផ្សារភ្ជាប់មនោសញ្ចេតនា ជាមួយបងប្អូនជាអ្នកប្រកបរបរធាក់ស៊ីក្លូប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់ពីការយកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំកំពូលកាកបាទក្រហមកម្ពុជា ដែលតែងតែរួមសុខរួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ស័ក្តិសមទៅនឹងការប្រសិទ្ធនាមជា «មាតាមនុស្សធម៌» របស់កម្ពុជា។
សូមជម្រាបថា សមាគមមូលនិធិត្រីចក្រយានកម្ពុជា ត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមដ៏ឧត្តុង្គឧត្តមបំផុតរបស់សម្ដេចតេជោ ហ៊ុន សែន និងត្រូវបានចុះបញ្ជីទទួលស្គាល់ត្រឹមត្រូវ តាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈប្រកាសលេខ១៩០ ប្រក ចុះថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ របស់ក្រសួងមហាផ្ទៃ។ ក្រោយពេលបង្កើតសមាគមនេះ និងដោយទទួលបានកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតពី សម្ដេចតេជោ ហ៊ុន សែន ក្នុងឋានៈជាប្រធានកិត្តិយសក្រុមប្រឹក្សាភិបាលសមាគម សព្វថ្ងៃនេះ លោកតា លោកអ៊ុំ លោកពូ និងបងប្អូនអ្នកប្រកបរបរធាក់ស៊ីក្លូ ដែលជាសមាជិកសមាគមមូលនិធិត្រីចក្រយានកម្ពុជា បានទទួលការគាំពារជាបន្តបន្ទាប់ និងទទួលបានអត្ថប្រយោជន៍ជាច្រើន ស្របតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់សមាគម ជាពិសេសការយកចិត្តទុកដាក់ជាប់ជាប្រចាំពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់៕