ឯកឧត្តម គួច ចំរើន បានណែនាំដល់អាជ្ញាធរមូលដ្ឋាន មន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវខិតខំយកចិត្តទុកដាក់ដោះស្រាយនូវសំណូមពរ និងបញ្ហាប្រឈមរបស់គ្រួសារវីរៈកងទ័ពជួរមុខ ដោយអនុវត្តទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដោយការទទួលខុសត្រូវខ្ពស់

ខេត្តកណ្តាល៖ អាជ្ញាធរ និងមន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវចិត្តទុកបញ្ហាប្រឈម និងសំណូមពររបស់គ្រួសារវីរៈកងទ័ពជើងមុខ នៅក្នុងមូលដ្ឋានរបស់ខ្លួន គឺជាការងារអាទិភាពមួយ ក្នុងការសម្របសម្រួល ដោះស្រាយ ដោយអនុវត្តទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ដូច្នេះ នៅក្នុងពិធីសំណេះសំណាលជាមួយគ្រួសារកងកម្លាំងប្រដាប់អាវុធក្នុងខេត្តកណ្តាល ដែលសាមីអង្គភាពបញ្ជូនទៅសមរភូមិមុខ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាព ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល។
ឯកឧត្តមអភិបាលខេត្តកណ្ដាល បន្តថា៖ បងប្អូនវិរៈកងទ័ពដ៏អង់អាចក្លាហានរបស់យើង បានកំពុងឈរជើងការពារបូរណភាពទឹកដីតាមខ្សែបន្ទាត់ព្រំដែនយ៉ាងស្វាហាប់ ក្នុងនាមយើងជាអ្នកនៅសមរភូមិក្រោយ នៅចាំជួយជាកម្លាំងរួបរួមសាមគ្គីក្នុងការចូលរួមការពារអធិបតេយ្យជាតិ ជាកម្លាំងដ៏សំខាន់មួយក្នុងការគាំទ្រកងកម្លាំងប្រដាប់អាវុធនៅសមរភូមិមុខ ដោយមិនឱ្យកងកម្លាំងប្រដាប់អាវុធនៅសមរភូមិមមុខ នៅឯកោទេ ពោលគឺមានតែទទួលបានការគោរព ដឹងគុណនូវមនោសញ្ចេតនាដ៏ជ្រាលជ្រៅ និងគិតគូរយកចិត្តទុកដាក់ដល់ក្រុមគ្រួសារវីរៈកងទ័ពរបស់យើង អោយទទួលបានភាពកក់ក្តៅ ដើម្បីជាកម្លាំងចិត្តដល់កងទ័ពនៅសមរភូមិមុខ។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត បានកោតសរសើរចំពោះវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពកម្ពុជាយើង ដែលបានយកអស់កម្លាំងកាយចិត្តលះបង់ការពារ អធិបតេយ្យភាពបូរណភាពទឹកដីកម្ពុជា មិនឱ្យចោរសៀមឈ្លានពានបានឡើយ ។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តកណ្ដាល បានថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ អ៊ុំ ពូមីង បងប្អូន ក្រុមគ្រូសារវីរៈកងទ័ពទាំងអស់ ដែលបានលះបង់ប្ដី ឪពុក បងប្អូន កូនក្មួយ ប្រឆាំងសត្រូវឈ្លានពាននៅសមរភូមិមុខ ហើយយើងទាំងអស់គ្នា នៅសមរភូមិក្រោយ នឹងធ្វើជាកំលាំងចលករ ជំរុញអ្នកនៅសមរភូមិមុខ តាមរយៈការលើកទឹកចិត្ត ផ្ដល់សម្ភារៈ ស្បៀងអាហារជូនទៅសមរភូមិមុខ ជាពិសេស យកចិត្តទុកដាក់ដល់ក្រុមគ្រូសារវីរៈកងទ័ពគ្រប់បែបយ៉ាង។
ជាមួយគ្នានេះផងដែរ ឯកឧត្តមអភិបាលខេត្តកណ្ដាល បានជំរុញឱ្យមន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋានផ្ដល់ការយកចិត្តទុកដាក់ចំពោះពលករខ្មែរ ដែលទើបត្រឡប់មកពីប្រទេសថៃ ដោយត្រូវខិតខំជួយស្វែងរកការងារធ្វើជូនពួកគាត់តាមជំនាញដើម្បីបានប្រាក់ផ្គត់ផ្គង់ក្រុមគ្រួសារ។ ក្រៅពីនេះក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ត្រូវរៀបចំសណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ ដែលមកធ្វើបុណ្យតាមទីអារាមនានា ប្រកបដោយរបៀបរៀបរយ និងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ។
ក្នុងនោះដែរ រដ្ឋបាលខេត្តកណ្ដាល បានឧបត្ថម្ភនូវគ្រួសារវីរៈកងទ័ពដែលមកសំណេះសំណាលនាឱកាសនោះដែរ ដោយក្នុងម្នាក់ៗទទួលបាន អង្ករ ២៥ គីឡូក្រាម, ទឹកសុទ្ធ ១កេស, មី ១ កេស, ទឹកត្រី ១ យួរ, ទឹកស៊ីវ ១យួរ, ប្រេងឆា ១ ដប, ប្រហុក ១ គីឡូក្រាម និងថវិកា ១០ ម៉ឺនរៀល។