ល្បែងស៊ីសងកើតឡើងយ៉ាងពេញបន្ទុកនៅខេត្តត្បូងឃ្មុំ ជាប្រភពចំណូររបស់ សមត្ថកិច្ចនិងមន្ដ្រីពាក់ព័ន្ធ
ត្បូងឃ្មុំ ៖ប្រភពថ្មីៗនេះពីប្រជាពលរដ្ឋនៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានលួចខ្សឹបប្រាប់ឲ្យដឹងថា កន្លងមកក្នុងមូលដ្ឋានពួកគាត់មានល្បែងបញ្ជល់មាន់និងល្បែងស៊ីសងខុសច្បាប់ច្រើនប្រភេទទៀតកើតឡើងយ៉ាងពេញបន្ទុកទៅហើយពី ព្រោះលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោក បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ មិនសូវគិតចុះបង្ក្រាបល្បែងស៊ីសងដើម្បីពង្រឹងសន្តិសុខសង្គមឲ្យបានល្អប្រសើរនោះទេ..?។ ជាក់ស្ដែងមិនមែនតែនៅក្នុងស្រុកត្បូងឃ្មុំ ប៉ុណ្ណោះទេដែលល្បែងស៊ីសងកើតឡើងយ៉ាងអនាធិបតេយ្យ គឺនៅស្រុកមេមត់ និងស្រុកពញាក្រែក ក៏មានល្បែងស៊ីសងកើតឡើងយ៉ាងគំហុកផងដែរ ធ្វើឲ្យប្រជាពលរដ្ឋព្រួយបារម្ភយ៉ាងខ្លាំងពីបញ្ហាអសន្តិសុខសង្គម។ បើតាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋបានបន្ថែមទៀតដឹងថា មេល្បែងស៊ីសងភាគច្រើនមានទំនាក់ទំនងជិតស្និទ្ធជាមួយក្រុមមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទើបពួកគេបើកល្បែងបញ្ជល់មាន់ ល្បែងបៀអាប៉ោង កន្ទុយលេខ ឬល្បែងផ្សេងៗទៀតតាមអំពើចិត្ត។
កាលពីរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ សមត្ថកិច្ចនគរបាលស្រុកត្បូងឃ្មុំ បានចាត់វិធានការបង្ក្រាបសង្វៀនបញ្ជល់មាន់ដ៏ធំមួយកន្លែងនៅចំណុចចំការចំប៉ី ភូមិទួលទ្រា ឃុំជប់ ស្រុកត្បូងឃ្មុំ ដែលម្ចាស់សង្វៀនមានឈ្មោះ ទ្រី និងឈ្មោះ ធា ល្បីល្បាញខាងបើកល្បែងស៊ីសងខុសច្បាប់ជាយូរមកហើយ។ ការបង្ក្រាបនោះបានធ្វើឲ្យប្រជាពលរដ្ឋក្នុងភូមិទ្រា អស់សំណើចយ៉ាងខ្លាំងព្រោះសមត្ថកិច្ចនគរបាលស្រុកត្បូងឃ្មុំ បង្ក្រាបបានតែកៅអីកញ្ចាស់១និងរុះរើសង្វៀនបញ្ជល់មាន់ដុតចោលប៉ុណ្ណោះ។ ចំណែកម្ចាស់សង្វៀនបញ្ជល់មាន់ឈ្មោះ ទ្រី និងឈ្មោះ ធា នៅតែគេចផុតពីសំណាញ់ច្បាប់ដដែល ហើយមិនយូរទេបុគ្គលទាំង២នាក់នេះបើកល្បែងស៊ីសងនៅកន្លែងដដែលជាមិនខាន។
ថ្មីៗនេះប្រជាពលរដ្ឋក្នុងភូមិទ្រា ឃុំជប់ ស្រុកត្បូងឃ្មុំ បានឲ្យដឹងថា ពួកគាត់គ្មានជំនឿលើសមត្ថកិច្ចនគរបាលស្រុកត្បូងឃ្មុំ ក្នុងការបង្ក្រាបសង្វៀនបញ្ជល់មាន់របស់ឈ្មោះ ទ្រី និងឈ្មោះ ធា នៅចំណុចចំការចំប៉ី ភូមិទួលទ្រា នោះឡើយ។ ដោយហេតុថា កន្លងមកសមត្ថកិច្ចធ្លាប់បង្ក្រាបសង្វៀនបញ្ជល់មាន់មួយនេះច្រើនលើកមកហើយ ប៉ុន្តែមិនបានប៉ុន្មានផងសង្វៀនបញ្ជល់មាន់របស់ឈ្មោះ ទ្រី និងឈ្មោះ ធា អាចដំណើរការយ៉ាងរលូនឡើងវិញ ហើយភ្នាល់លុយទ្រង់ទ្រាយធំទៀតផង។ ហេតុនេះលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ មិនគួរមើលរំលងភាពអសកម្មរបស់មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចក្នុងស្រុកត្បូងឃ្មុំ នោះទេព្រោះកន្លងមកសង្វៀនបញ្ជល់មាន់ក្នុងភូមិទួលទ្រា ត្រូវសមត្ថកិច្ចបង្ក្រាបដដែលៗ។ ប្រជាពលរដ្ឋបានរិះគន់ចំៗថា លោក សួស ស៊ាងលី អធិការនគរបាលស្រុកត្បូងឃ្មុំ បង្ក្រាបសង្វៀនបញ្ជល់មាន់នៅភូមិទួលទ្រា ឃុំជប់ ស្រុកត្បូងឃ្មុំ បានត្រឹមតែធ្វើឲ្យល្អមើល ព្រោះម្ចាស់សង្វៀនឈ្មោះ ទ្រី និងឈ្មោះ ធា ត្រូវបានគេដឹងថា ជាប្រភពចំណូលដ៏សំខាន់របស់លោក មេនិងឃុបឃតជាគ្នាជាប្រព័ន្ធទៅហើយ៕