សិលាចារឹកដែលរកឃើញនៅប្រាសាទទន្លេស្ងួតបានចុះក្នុងបញ្ជីសារពើភណ្ឌសិលាចារឹក
សៀមរាប៖សិលាចារឹកភាសាសំស្ត្រឹតមួយផ្ទាំងមានអក្សរ៥៥បន្ទាត់កម្ពស់១០០ស.ម. ទទឹង៤០ស.ម. និងកម្រាស់២០ស.ម ដែលបានរកឃើញនៅការដ្ឋានជួសជុលប្រាសាទទន្លេស្ងួត កាលពីខែមិថុនាឆ្នាំ២០២០កន្លងទៅ។
មជ្ឈមណ្ឌលស្រាវជ្រាវអន្តរជាតិនិងតម្កល់ឯកសារអង្គរនៃអាជ្ញាធរជាតិអប្សរាតាមរយៈលោកសាស្ត្រាចារ្យអាំងជូលានទីប្រឹក្សាក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានស្នើសុំឱ្យអ្នកជំនាញផ្នែកសិលាចារឹកខ្មែរមួយក្រុម ហៅថា “ Corpus des InscriptionsKhmères(CIK)”ដែលភាគច្រើនសមាជិកក្រុមនេះជាអ្នកបម្រើការនៅសាលាបារាំងចុងបូព៌ាជួយចុះបញ្ជីសារពើភណ្ឌ។
លោកទិនទីណាអនុប្រធានមជ្ឈមណ្ឌលស្រាវជ្រាវអន្តរជាតិនិងតម្កល់ឯកសារអង្គរនៃអាជ្ញាធរជាតិអប្សរាឱ្យដឹងថាសិលាចារឹកដែលរកឃើញនៅប្រាសាទទន្លេស្ងួតនេះប្រហែលជាសិលាចារឹកពុំទាន់ចុះបញ្ជីនិងពុំទាន់មានអ្នកបានឃើញពីមុនមកទេ។ព្រោះសិលាចារឹកនេះជាថ្មចាស់យកពីកន្លែងផ្សេងមកកសាងប្រាសាទទន្លេស្ងួត (ធ្វើជាកម្រាលផ្លូវដើរ) ដែលកសាងក្នុងរាជ្យរបស់ព្រះបាទជ័យវរ្ម័នទី៧។
ដោយឡែកបើពិនិត្យលើទម្រង់អក្សរសិលាចារឹកនេះវិញយើងសន្និដ្ឋានបានថាពុំមែនជាអក្សរចារក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ទេព្រោះអក្សរមានរាងមូលខុសពីអក្សរក្នុងរាជ្យព្រះអង្គរដែលច្រើនមានរាងជ្រុង។ដូច្នេះទើបអាជ្ញាធរជាតិអប្សរាបានស្នើឱ្យCIKជួយពិនិត្យដើម្បីចុះបញ្ជីលេខសម្គាល់។
ក្រោយពិនិត្យផ្ទៀងផ្ទាត់តាមលក្ខណៈបច្ចេកទេសលើព័ត៌មានមួយចំនួនដែលទទួលបានពីអាជ្ញាធរជាតិអប្សរា CIK បានរកឃើញថា សិលាចារឹកនេះ ពិតជាសិលាចារឹកដែលពុំទាន់បានចុះបញ្ជីនៅឡើយមែន ទើប CIK បានសម្រេចចុះបញ្ជីសិលាចារឹកប្រាសាទទន្លេស្ងួត K.1459។
លោកបន្តថាចំពោះចំនួនសិលាចារឹកជាភាសាខ្មែរក្តីជាភាសាសំស្ក្រឹតក្តីដែលបានរកឃើញនៅលើទឹកដីកម្ពុជា និងនៅលើអតីតទឹកដីកម្ពុជាដែលបានចុះបញ្ជីរួច ចាប់ពីទស្សវត្សរ៍ឆ្នាំ១៩២០ ដែលមានលោក GeorgeCœdèsជាអ្នកដំបូងគេក្នុងការផ្តួចផ្តើមរៀបចំចុះបញ្ជីរហូតមកដល់សព្វថ្ងៃនេះមានចំនួន១.៤៥៩ រួមទាំងសិលាចារឹកប្រាសាទទន្លេស្ងួតដែលទើបចុះបញ្ជីរួចថ្មីៗនេះផង។
លោកទិនទីណាបានបញ្ជាក់បន្ថែមថាចំពោះអក្សរKដែលដាក់នៅពីមុខលេខនៃលេខសម្គាល់សិលាចារឹកនីមួយៗគឺជាអក្សរសម្គាល់អត្តសញ្ញាណសិលាចារឹកខ្មែរ។ដោយឡែកចំពោះខ្លឹមសារសិលាចារឹកទន្លេស្ងួតនេះអាជ្ញាធរជាតិអប្សរាកំពុងសហការជាមួយលោកDominicGoodalអ្នកជំនាញខាងផ្នែកភាសាសំស្ក្រឹត និងលោក Dominique Soutif សមាជិកស្ថាប័នសាលាបារាំងចុងបូព៌ា(លោកទាំងពីរក៏ជាសមាជិក CIK)ដើម្បីប្រែសិលាចារឹកថ្មីនេះ៕